ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បញ្ជូនក្រុមជនសង្ស័យ ខ្មែរ វៀតណាម ថៃ ១១នាក់ ទៅតុលាការ ពាក់ព័ន្ធជួញគ្រឿងញៀន៤៤គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនក្រុមជនសង្ស័យចំនួន១១ នាក់មានខ្មែរ វៀតណាម ថៃ ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នពីបទ.ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀនប្រមាណ ៤៤ គីឡូក្រាម ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ដោយអនុវត្តតាមបញ្ជាលោក នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង.លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ. លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមាន ជ័យ. បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀចំនួន០៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

គោលដៅទី១.នៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ ។

គោលដៅទី២.នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។

ទីតាំងទី៣.បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។

ទីតាំងទី៤.នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម ។

ទីតាំងទី៥.នៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ១១ នាក់ ក្នុងនោះសមត្តកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀន ៖ សារធាតុញៀនប្រភេទ.កេតាមីន.(KETAMIN)ទម្ងន់សុទ្ធ ជាង១គីឡូ ។ សារធាតុញៀនប្រភេទ.មេតំហ្វេតាមីន.(ICE)ទម្ងន់សុទ្ធជាង៤២ គីឡូ ។ សារធាតុញៀនប្រភេទ.អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ ក្រាម ។

សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ជាង៤៤គីឡូ។

ជាមួយគ្នានោះផងដែរសមត្ថកិច្ចបានចាប់យកធម្យោបាយសម្ភារៈមាន ៖ រថយន្ត ០២គ្រឿង ម៉ូតូ ០២គ្រឿង អាវុធខ្លី ០១ដើម គ្រាប់បែក ០១គ្រាប់ ជញ្ជីងថ្លឹង ៣គ្រឿង ទូរស័ព្ទដៃ ៧គ្រឿង ។

 បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖