ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងកាលពីល្ងាចថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត៖ ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែងរបស់អតីតអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើ លោក ឈួរ ច័ន្ទឌឿន និងតាមការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖សហការី