ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកេីតជំងឺអុតស្វា ដំបូងគេនៅប្រទេសថៃ មិនទាន់បានឆ្លង ដែនចូលកម្ពុជាឡេីយ ខណ:សមត្ថកិច្ចថៃកំពុងតាមស្វែងរកជនបរទេសរូបនេះក្នុងប្រទេសរបស់ខ្លួន។ ប្រភពខ្លះរាយការណ៍ថា ជនជាតិនីហ្សេរីយ៉ានេះបានព្យាយាមឆ្លងដែនពីប្រទេសថៃចូលកម្ពុជាតាមព្រំដែនខេត្តកោះកុង។ នេះបេីតាមការអះអាងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច ខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នេីសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដេីម្បីស្វែងរក ជនបរទេសខាងលេី។ នៅគ្រាដែលអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងដាក់ផែនការតឹងរឹងនោះ នៅឯខេត្តកោះកុងក៏កំពុងឃ្លាំមើលដែរ។
លោកអភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់បន្តការតាមដានទៅលេីអត្តសញ្ញាណជនបរទេសរូបនេះ។
មន្រ្តីសមត្ថកិច្ចជំនាញនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឱ្យដឹងថា ពួកគាត់បានត្រៀមឃាត់ខ្លួនមុខសញ្ញាបុរសជនជាតិស្បែកខ្មៅដែលឆ្លងជំងឺអុកស្វា ពីប្រទេសថៃ ខណៈបុរសម្នាក់នេះ ត្រូវបានដាក់បម្រាមមិនឱ្យចូលមកកម្ពុជា។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្លែងនៅថ្ងៃទី២៣ ខែ កក្កដានេះថា កងកម្លាំងនគរបាលអន្តោប្រវេសន៍ដែលប្រចាំការតាមវេននីមួយៗបាននឹងកំពុងរឹតបន្តឹងចំពោះការឆ្លងដែនពីប្រទេសថៃ ចំពោះជនបរទេសស្បែកខ្មៅ មានសញ្ជាតិនីហ្សេរីយ៉ាម្នាក់ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។
លោក សុវណ្ណ ប៊ុនធឿន អះអាងថា បច្ចុប្បន្ន ជន សង្ស័យខាងលើ បានកំណត់ជាមុខសញ្ញាប្រុងប្រយ័ត្នខ្ពស់អំពីជំងឺឆ្លងអុកស្វា។ ហើយមិនត្រឹមករណីជំងឺអុកស្វាទេ សូម្បីតែជំងឺបំប្លែងថ្មីនៃជំងឺកូវីដប្រភេទថ្មី ក៏បង្កើនការអនុវត្តតាមវិធានការសុខាភិបាល និងស្ថាន ការណ៍បច្ចុប្បន្នភាពផ្សេងៗដែលថ្នាក់ដឹកនាំដាក់ផែនការមក។
លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏ឱ្យដឹងបន្ថែមដែរថា ជនជាតិស្បែកខ្មៅ មានឈ្មោះOsmond Chihazirim Nzerem អាយុ២៧ឆ្នាំនេះ ដាក់បម្រាមមិនឱ្យចូលមកកម្ពុជាតាំងតែពីថ្ងៃទី២២ ខែកក្កដា មកម្ល៉េះ។ តែទោះយ៉ាងកងកម្លាំងនគរបាលរបស់លោក នៅតែបង្កើនកិច្ចសហការល្បាតតាមដានកំណត់មុខសញ្ញានេះតាមផ្លូវគោក និងផ្លូវទឹក ឃាត់ខ្លួនជនសង្ស័យស្បែកខ្មៅឱ្យខានតែបាន ប្រសិនបើប្រទះរកឃើញនៅក្នុងដែនសមត្ថកិច្ចគោលដៅគ្រប់គ្រង៕
ដោយ៖ សូរិយា