ភ្នំពេញ៖ វាជារឿងដដែលៗដែលសហរដ្ឋអាមេរិកតែងតែចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើរាជរដ្ឋាភិបាលកម្ពុជា,រដ្ឋសភាក៏ដូចជាព្រឹទ្ធសភាផងដែរ។ ថ្មីៗនេះទៀតព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនៅអ្វីដែលហៅថា”ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២” ដែលជាការមើលឃើញប្រាស់ចាកទាំងស្រុងពីការពិតនៅកម្ពុជា។
ព្រឹទ្ធសភាកម្ពុជាមានការការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង ហើយបដិសេធទាំងស្រុង ចំពោះគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ដែលបានចេញកាលពីយប់ថ្ងៃទី២២ ខែកក្កដានេះលើកឡើងថា ព្រឹទ្ធសភាកម្ពុជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាន និងរើសអើងនៃ«ច្បាប់ប្រជាធិ បតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cam bodia Democracy and Human Rights Act of 2022 (S.3052)» ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍ បានលើកឡើងទៀតថា ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធទាំងស្រុងចំពោះការពិត ខណៈក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតសមាជិកសភា លោក Stephen J. Solarz បានពណ៌នាអំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា «អច្ឆរិយហេតុលើដងទន្លេមេគង្គ» ។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អផងដែរ។
អ្នកសង្កេតការណ៍ក្នុងស្រុក និងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ កាលពីខែមុននេះ ដែលមានគណបក្សនយោ បាយចំនួន ១៧ បានចូលរួមប្រកួតប្រជែងមានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយ សន្តិវិធី មានតម្លាភាព គ្មានការគំរាមកំហែង និងសម ស្របតាមស្តង់ដារអន្តរជាតិ។
លទ្ធផលនៃការបោះឆ្នោតនេះ ដែលមានចំនួនអ្នក ចូលរួមជាង៨០% និងជិត ៧៥% នៃសន្លឹកឆ្នោតបានជ្រើសរើសការគាំទ្រគណបក្សកាន់អំណាច ពិតជាសក្ខីភាពបង្ហាញឱ្យឃើញពីការបន្តផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះតម្រូវការក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយដែលទទួលបានដោយលំបាក និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ត្រូវតែគោរពតាម។
តាមសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជាដដែលនេះ បានលើកឡើងទៀតថា សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤មក ។
អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយនឹងអ្នកស្រាវជ្រាវជាង ១០០នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះដែលមានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។
ព្រឹទ្ធសភាកម្ពុជា បញ្ជាក់បន្ថែមទៀតថា វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភានេះប្រកាន់យក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅ និងស្មារតី និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ក៏ដូចជាលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភា សូមបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តឥតងាករេរបស់កម្ពុជានៅក្នុងការលើកកម្ពស់នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងស្ថិរភាព ដែលទទួលបានដោយលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរីករាយសាទរជាមួយនឹងផ្លែផ្កានៃសមិទ្ធផលជាច្រើនទសវត្សរ៍សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន៕
ដោយ៖ សូរិយា