ខេត្តព្រះវិហារ ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែបបានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្រ្តីកងរាជអាវុធហត្ថស្រុកបានសហការបង្រ្កាបរឹបអូសឈើអារដែលជនមិនស្គាល់មុខគរទុកមួយកន្លែងគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅចំណុចUTM(525402-1528380)ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៦ កក្កដាម្សិលមិញនេះ។
ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះក្រុមការងារបានដកហូតឈើអារប្រភេទលេខ១ និងលេខ២ (កកោះ,ពពេល) ចំនួន៩៣សន្លឹកស្មើនឹង២.៦២២ម៉ែត្រត្រីគុណ ដោយនៅកន្លែងកើតហេតុពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាឈើអាររបស់ខ្លួនឡើយ។
ជាមួយគ្នានោះ ក្រុមការងារជំនាញ ក៏បានសុំយោបល់ និងដោយមានការឯកភាពពីលោកថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងខេត្តដើម្បីជួលគោយន្ដចំនួន០១គ្រឿង កម្មករ០៥នាក់មកធ្វើការប្រមូលនិងដឹកជញ្ជូនវត្ថុតាងល្មើសខាងលើយកទៅរក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីបន្តនីតិវិធី៕
ដោយ៖សហការី