រដ្ឋាភិបាលសិង្ហបុរីពេលថ្មីៗនេះបានសម្រេចអនុញ្ញាតឱ្យអតីតប្រធានាធិបតីស្រីលង្កាដែលភៀសខ្លួនចេញពីប្រទេស គឺលោក Gotabaya Rajapaksa បន្តស្នាក់នៅក្នុងប្រទេសនេះបន្ថែម១៤ថ្ងៃទៀត។ ទិដ្ឋាការផ្តល់ឱ្យអតីតប្រធានាធិបតីស្រីលង្កាមានរយៈពេល២សប្តាហ៍កន្លងមកបានផុតកំណត់ ដូច្នេះក៏បានស្នើសុំបន្តបន្ថែម២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១១ខែសីហា ។ អតីតប្រធានាធិបតីស្រីលង្ការូបនេះមានបំណងត្រឡប់ចូលស្រុកវិញ។
សារព័ត៌មាន Straits Times បានផ្សាយថា ការអនុញ្ញាតឱ្យស្នាក់នៅរយៈពេលខ្លីចំនួន១៤ថ្ងៃ ដែលត្រូវបានផ្ដល់ជូននៅពេលដែលលោក រ៉ាចាប៉ាកសា មកដល់សិង្ហបុរី ក្រោមការបំពេញទស្សនកិច្ចឯកជនកាលពីជាង២សប្ដាហ៍មុន ត្រូវបានបន្តរយៈពេល១៤ថ្ងៃបន្ថែមទៀត។
ការសម្រេចខាងលើរបស់រដ្ឋាភិបាលសិង្ហបុរី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិកសភាស្រីលង្កា លោក Bandula Gunawardena បានប្រាប់អ្នកសារព័ត៌មានថា លោក រ៉ាចាប៉ាកសា អាចនឹងត្រឡប់ចូលក្នុងប្រទេសស្រីលង្កាវិញ ដោយលោកមិនមែន កំពុងសម្ងំលាក់ខ្លួនឬរស់នៅនិរទេសខ្លួននោះទេ។ ប៉ុន្តែកាលបរិច្ឆេទនៃការត្រឡប់ទៅកាន់ស្រីលង្កាវិញរបស់លោក រ៉ាចាប៉ាកសា មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
កាលពីពេលថ្មីៗនេះ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា លោករ៉ាចាប៉ាកសា មានបំណងត្រឡប់ចូលប្រទេសស្រីលង្កាវិញឆាប់ៗតាមដែលអាចធ្វើទៅបាន ដោយលោកចង់រស់នៅក្នុងផ្ទះឯកជនមួយរបស់លោកស្ថិតនៅជាយរដ្ឋធានីកូឡុំបូ។ ប៉ុន្តែមកទល់ពេលនេះ លោកមិនទាន់ធ្វើអត្ថាធិប្បាយដោយផ្ទាល់នៅឡើយទេ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះ។
លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមក លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា នៅចំពោះមុខបាតុកម្មតវ៉ាទាមទារឱ្យរូបលោកចុះចេញពីតំណែងដោយសារតែវិបត្តិសេដ្ឋកិច្ច។ ចំណែកឯខាងសិង្ហបុរីបានឱ្យដឹងថា អតីតប្រធានាធិបតីរូបនេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈដែលក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួនលោក រ៉ាចាប៉ាកសា៕ ដោយ៖ ធីរីណា
រូបថត ៖ AFP