ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមរួចរាល់ជួយសង្គ្រោះក្នុងពេលទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ ត្រៀមរួចហើយទាំងស្បៀង,ការដឹកជញ្ជូន,  គ្រូពេទ្យសង្គ្រោះបឋមក៏ដូចជាគ្រាប់ពូជ…ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងពីការត្រៀមខ្លួនរួចរាល់​ក្នុងការ​ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ យ៉ាងណាក៏ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយត្នខ្ពស់។

ការត្រៀមខ្លួនរួចរាល់ដែលបានលើកឡើងនេះ រួមមានទាំងកងកម្លាំងជួយសង្គ្រោះបឋមទាន់ហេតុការណ៍, មធ្យោបាយដឹកជញ្ជូន គ្រូពេទ្យ ស្បៀងក៏ដូចជាគ្រាប់ពូជផងដែរ។ នេះជាការលើកឡើងរបស់លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិ ការជាតិគ្រប់គ្រង​គ្រង​គ្រោះមហន្តរាយ ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាផ្នែកសំខាន់ក្នុងការជួយសង្រ្គោះបន្ទាន់ ខណៈនេះគឺត្រៀមរួចជាស្រេច ជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹក ជំនន់។ បច្ចុប្បន្នទោះ បណ្ដាខេត្តរងការជន់លិច អាចមានលទ្ធភាពដោះស្រាយដោយ​ខ្លួនឯងប្រាកដមែន ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចរាល់ក្នុងការចុះ​អន្តរាគមន៍ភ្លាមៗ ​ដោយមានកងកម្លាំងជំនាញ ​១៦កង ស្មើនឹងជិត ២០០០នាក់ សុទ្ធតែទទួល​បាន​ការហ្វឹកហាត់ និងបំពាក់សម្ភាររួចរាល់។

ក្រៅពីកងកម្លាំងជំនាញទាំង ១៦កង ក៏មានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ តាម​ក្រសួងស្ថាប័ន ដែលត្រៀមរួចរាល់ ទាំងមធ្យោបាយដឹកជញ្ជូន​ ទាំងក្រុមគ្រូពេទ្យសង្គោះព្យាបាល និង​ស្បៀងគ្រាប់ពូជជួយដល់ពលរដ្ឋរងគ្រោះផងដែរ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានសាងសង់​ទីទួលសុវត្ថិភាព​ រួចរាល់នៅតាមបណ្ដាខេត្តមួយចំនួន។ ​ទីទួលសុវត្ថិភាពនេះ គឺមាន ៩ ជា​លក្ខណៈស្តង់ដារ ស្ថិតក្នុង កំពង់ធំ,កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លើសពីនេះ ក៏មាន​ទីទួល​សុវត្ថិភាពផ្សេងទៀត ​ជាការជួយសាងសង់ដោយ អង្គការដៃគូ។

ចំពោះការជន់លិចក្នុងពេល​បច្ចុប្បន្ននេះ គឺអាជ្ញាធរខេត្តនីមួយៗ ​មានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការគ្រប់​គ្រងសង្រ្គោះក្នុងភូមិសាស្រ្តដែនដីរបស់ខ្លួន។ ជាក់ស្ដែងពុំទាន់មានការស្នើសុំបញ្ជូន​ក្រុមការងារជួយសង្រ្គោះពិសេស ​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅអន្តរគមន៍នោះទេ។

យោងតាម ក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់​ ដែលអាចបង្កឱ្យបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប ​មានជំនន់ទឹកភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ​ដែលអាចមានការប្រឈមជំនន់ទឹកភ្លៀង ​គឺខេត្តកំពង់ធំ៕

ដោយ៖ សូរិយា


ចែករំលែក៖