ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលជលផលស្រុកបារាយណ៍ សហការជាមួយកំលាំងសឹករងស្រុកបារាយណ៍ និងកំលាំងសហព័ន្ធនេសាទចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុច អូរទទឹងថ្ងៃ និងបឹងត្រាវ ស្ថិតនៅភូមិសាស្រ្ត ឃុំចុងដូង ស្រុកបារាយណ៍ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១៧របាំង ប្រវែង២៩០ម៉ែត្រ, លូស្បៃចំនួន១៧មាត់ បង្គោលចំនួន៧៩ដើម ចាក់លែងត្រីចំនួន១០គីឡូក្រាម។
ចំណែកឯក្រុមប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ នៅតែបន្តចុះរហូតដល់ក្រុមត្រួតពិនិត្យបទល្មើសជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះទប់ស្កាតបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងម្អម ក្នុងភូមិសាស្ត្រ ឃុំចំណាក្រោម ស្រុកស្ទោង ទទួលបានលទ្ធផលចុះពិនិត្យ និងអធិការកិច្ចបទលើ្មសជលផលនៅតាមបឹងតំបន់ដែលហាមឃាត់ដែលប្រជានេសាទមួយចំនួននៅតែប្រព្រឹត្ត មិនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលចេញថ្មីៗនេះ។
លទ្ធផលដែលចុះបង្ក្រាបបទល្មើសនេសាទដែលប្រជានេសាទប្រើឧបករណ៍ចំនួនសរុប៥១ឧបករណ៍នេសាទ រួមមាន៖ របាំងសាច់អួនចំនួន ២៣របាំងប្រវែង ៩២០ម៉ែត្រ ឡុកចំនួន២៣គ្រឿង លបចំនួន៤៦មាត់ បង្គោលចំនួន៤១០ដើម។ របាំងស្បៃមុង ចំនួន៧របាំងប្រវែង៧០ម ឡុកចំនួន៧គ្រឿង លបចំនួន៧មាត់ បង្គោលចំនួន៣៥ដើម ប្រីស១០០ ចំនួន៦អង្កេត៦ខ្សែ៦០មាត់។
ឧបករណ៍លបចំនួន៨អង្កេត លាន់អន្ទង់ចំនួន៧អង្កេត ចាក់លែងត្រីចំម្រុះសរុបចំនួន១២គីឡូក្រាម ៕
ដោយ៖ មុន្នី