ខេត្តកំពង់ធំ ៖ គួរឱ្យអាណិតខ្លាំងណាស់ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះជម្រៅ៤ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅវេលា១១៖៤០នាទីថ្ងៃត្រង់។ ក្មេងប្រុសឈ្មោះ នួន ខេត អាយុ១៣ឆ្នាំ មានទីលំនៅស្ថិតនៅភូមិងន ឃុំងន ស្រុក សណ្ដាន់ ខេត្តកំពង់ធំ បានស្លាប់ដោយលង់ទឹកស្រះក្រោយផ្ទះ ដោយសារការធ្វេសប្រហែសរបស់ខ្លួន បណ្ដាលឱ្យរអិលជើងធ្លាក់ទៅក្នុងទឹកស្រះដោយគ្មាននរណាជួយសង្គ្រោះបានទាន់ពេលវេលានោះឡើយ។
តាមប្រភពរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំងន បានបញ្ជាក់ថា ក្មេងប្រុសម្នាក់នេះបានចុះពីលើផ្ទះដើរសំដៅទៅក្រោយផ្ទះ ដែលមានស្រះនៅក្រោយផ្ទះពេលទៅដល់កន្លែងកើតហេតុក្មេងប្រុសបានរអិលជើងធ្លាក់ទៅក្នុងទឹកស្រះ បានធ្វើឲ្យក្មេងប្រុសនោះបាត់បង់ជីវិត។ ដោយសារមិនឃើញគាត់ត្រឡប់មកវិញ ក្រុមគ្រួសារនិងសាច់ញាតិដើររកមិនឃើញ តែសង្ស័យក៏បាននាំគ្នាចុះរាវនៅក្នុងទឹកស្រះបានជួបសពរបស់គាត់។ ក្នុងនោះផងដែរឪពុកម្ដាយគ្រួសារសពនិងសាច់ញាតិមានការអាណិតអាសូរ និងអាឡោះអាល័យជាទីបំផុតដែលបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនរកអ្វីមកផ្ទឹមគ្មាន។
ក្រោយការត្រួតពិនិត្យរបស់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពិនិត្យចប់សព្វគ្រប់រួចមក សពត្រូវបានប្រគល់ជូនឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕
ដោយ៖ មុន្នី