ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនយុវជនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីបង្ហោះហ្វេសប៊ុកទទួលស៊ីឈ្នួលសម្លាប់មនុស្ស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រួចបានបញ្ជូនទៅកាន់សាលាដំដូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈការបង្ហោះ Facebook ដោយផ្ដល់សេវាកម្មទទួលស៊ីឈ្នួលសម្លាប់មនុស្ស។

ជនសង្ស័យមានឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននេះបានធ្វើឡើងបន្ទាប់ពីរូបគេបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា «មានទទួលកុម្មង់សម្លាប់មនុស្ស the wing of a devil» និងបានបង្ហោះខ្លឹមសារថា «បាញ់លេងសោះងាប់មែនទែន» និងបង្ហោះលក់ប៊ិកកាំភ្លើង។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះវុធ សុម៉ាណានេះ ។ បច្ចុប្បន្នជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖