ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ក្មេងទំនើងមួយក្រុមមានគ្នា៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេបាននាំគ្នាយកដុំថ្មនិងកាំបិតគប់និងកាប់របងចូលក្នុងស្ថានីយលក់ប្រេងមួយកន្លែងក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
មុនពេលកើតហេតុ ក្មេងទំនើងមួយក្រុមខាងលើនេះបានចូលទៅសួរជនរងគ្រោះឈ្មោះ លឹម យូអុី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បម្រើការងារក្នុងស្ថានីយលក់ប្រេងខាងលើដោយបានសួរថា «មានជេរម៉ែអញអត់?» ជនរងគ្រោះឆ្លើយថា អត់បានជេរទេ។ ពេលនោះក្រុមក្មេងទំនើងក៏ត្រឡប់ទៅវិញ។ លុះមួយសន្ទុះក្រោយមកក្រុមក្មេងទំនើងទាំងនោះក៏លើកគ្នាមកជាច្រើននាក់ ជិះម៉ូតូ០៥គ្រឿង ក្នុងដៃមានកាន់ដុំថ្មនិងកាំបិតមកវាយនិងកាប់របងស្ថានីយលក់ប្រេងបំណងចូលទៅកាប់ចាក់លើជនរងគ្រោះ។
ពេលឃើញដូច្នេះជនរងគ្រោះក៏បានរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះមកកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ០៥នាក់គឺ ៖
១-ឈ្មោះភឿន វណ្ណនឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ២- ឈ្មោះ ខៀវ សុវណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ។ ៣-ឈ្មោះ ខុម វ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ ៤-ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។ ៥-ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
វត្ថុតាងដែលបានដកហូតរួមមានកាំបិតកកុកចំនួន០៣, កាំបិតប៉័ងតោចំនួន០១, ចម្ពាមកៅស៊ូចំនួន០១, គ្រាប់ចម្ពាមចំនួន ០៦គ្រាប់(គ្រាប់ថ្ម), ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ស្វាយរៀង1Q- 3651), ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម០២គ្រឿង សេ៊រីឆ្នាំ២០២០ គ្មានស្លាកលេខ និងសេ៊រីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-0773 និង០១គ្រឿងទៀតម៉ាក វីនន័រ ពណ៌ទឹកក្រូច សេ៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5983 ។ ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនអស់។
ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដោយត្រូវបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់តុលាការខេត្តចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សូរិយា