ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកកាបូបមិនបានសម្រេច បណ្ដាលឱ្យស្ត្រីរងគ្រោះដួលម៉ូតូអូសបែកមុខបែកមាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់បានដួលម៉ូតូអូសបែកមុខបែកមាត់ រលាត់ដៃជើង បន្ទាប់ពីរូបគាត់ជិះម៉ូតូសុខៗត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់មិនបានសម្រេច រួចជនសង្ស័យបានជិះគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងជើងសាលាខណ្ឌសែនសុខ តាមបណ្តោយផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានវ័យប្រហែលជាង៥០ឆ្នាំ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX-5743 រងរបួសបែកមុខបែកមាត់ រលាត់ដៃជើង។

បើតាមសម្ដីស្រ្តីម្នាក់ដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់ឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១៩៧០ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូស្គូពី ពណ៌ស មិនចាំស្លាកលេខមកពីក្រោយមកដល់ទន្ទឹមគ្នាក៏លូកដៃឆក់យកកាបូបដែលគាត់ដាក់នៅលើរានម៉ូតូខាងមុខ តែមិនបានសម្រេច បណ្ដាលឱ្យស្ត្រីរងគ្រោះដួលម៉ូតូបែកមុខបែកមាត់និងរលាត់ដៃជើង ខណៈពេលនោះជនសង្ស័យជិះហួសបានបន្តិចក៏ត្រឡប់មកក្រោយវិញប្រុងយកកាបូបម្តងទៀត តែដោយសារប្រជាពលរដ្ឋនៅទីនោះចេញមកឈូឆរ ទើបជនសង្ស័យជិះម៉ូតូគេចខ្លួនទៅទិសខាងលិចបាត់ស្រមោលទៅ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងរថយន្តសង្គ្រោះក៏មកដល់ដែរ ហើយបានលាងរបួសជូតមុខជូតមាត់ឱ្យជនរងគ្រោះ។ បន្ទាប់មកសមត្ថកិច្ចបានជូនស្រ្តីរងគ្រោះទៅផ្ទះរបស់គាត់តែម្ដង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖