ខេត្តឧត្ដរមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៌មានពីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ ចាត់តាំងកម្លាំងក្នុងការចេញយាមតាមប៉ុស្តិ៍សង្កេតការណ៍ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក និងល្បាត ត្រួតពិនិត្យបង្គោលសីមា តាមចំណុចភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីតាមដាន ក្តាប់សភាពការណ៍ និងធានាឱ្យបាននូវសុខសុវត្តិភាព ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
យោធិនទាំងអស់ក៏បន្តអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ យ៉ាងជាប់លាប់ល្អជាប្រចាំផងដែរ។
ជាមួយគ្នានោះ នៅវេលាម៉ោង ៥ និង៣០ព្រឹកថ្ងៃដដែល កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងដែរថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ កម្លាំងចំនួន ៨នាក់ រថយន្តតូច ១គ្រឿង អាវពោង ៨អាវ ពិល៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥គ្រួសារ និង ជញ្ជូនសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ដោយ៖សហការី