ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ,និង៣អង្គភាពទៀតតាមព្រំដែន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អ្វីដែលតែងធ្វើរាល់ឆ្នាំរបស់ក្រសួងធនធានទឹកនិងឧតុនិយម តែងបន្តឧបត្ថម្ភកងទ័ពដែលជាសម្ព័ន្ធមេត្រីភាព ។ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២  តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះទៅសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, កងវរសេនាតូចលេខ ១ (ថ្មធំ) កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនទិសប្រាសាទតាក្របី  ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ។ 

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាងររបស់ លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ដោយពុំខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព-អរគុណនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។ 

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ  លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋាន និងបណ្តាកងវរសេនាតូច ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះរួមមាន ៖ 

១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៧១ នាក់ 

២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១០ នាក់ 

៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ២០៣ នាក់ 

៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៧០ នាក់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖