ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី អស់លោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធាគារ នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។
ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១០តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ សម្ដេចក្រឡាហោម និងលោកស្រី បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធីវង្ស និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកស្រី ញ៉ែម សឿន ជា ស៊ីម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធបរិស័ទរួមកាន់បិណ្ឌវេនទី១០នៅទីអារាមវត្តមុនីប្រសិទ្ធីវង្ស ក៏បានប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ និងសមាទាននូវនិច្ចសីលពីសំណាក់ព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ ក្រោមព្រះអធិបតីសង្ឃដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា អនុប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះពុទ្ធសាសនា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស។
ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយ និងប្រគេនសម្តេចព្រះឧត្តមវង្សាព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណរបស់សម្ដេចក្រឡាហោម និងលោកស្រី ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ ៕
ដោយ : សិលា