ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារគោរពជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ។
សូមគោរពជូន
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គ ប្រោសប្រទាននូវសព្ទសាធុការពរដ៏បវរមហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត ដើម្បីបន្តដឹកនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងអភិវឌ្ឍប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងមនោសញ្ចេតនាប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕
ដោយ ៖ សិលា