ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការប្រកាសរបស់សម្ដេចតេជោ ក្នុងវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីរវាងកម្ពុជា-កូរ៉េនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
បន្ថែមលើនេះក៏នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច ការទទួលបានទីផ្សារនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងបរទេស ព្រមទាំងការបង្កើតការងារថ្មីៗជាដើម។
សម្តេចតេជោ មានប្រសាសន៍លើកឡើងថា, ជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នវានុវត្តន៍ដែលកំពុងតែលូតលាស់យ៉ាង រហ័ស ជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និង ជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកលលោក ។ ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ ៤០ ប៊ីលានដុល្លារអាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥ភាគរយ បង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិត មធ្យមផងដែរសម្រាប់តំបន់អាសិបនៅឆ្នាំ ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃថានឹងបង្កើន ប្រាក់ចំណូលសកល រហូតដល់ ២៦៣ ប៊ីលានដុល្លារអាមេរិក ។
សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ ២០២២ នេះ បានបង្ហាញឱ្យ ឃើញថាផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ ៣,៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤ភាគរយ ទៅ ១៨ ភាគ រយៈ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣,២ភាគរយ ទៅ ៦,២ភាគរយ និង ដែលចំណូល ពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣,៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ ២៣,៤ភាគរយផងដែរ ៕
ដោយ ៖ សិលា