ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។ ផ្តើមចេញពីគោលនយោបាយទាំងនេះ ក.ប.ទ. បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម៖
១. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឌីជីថល (Draft National Digital Development Policy) ដែលពេលនេះ សេចក្តីព្រាងគោលនយោបាយនេះត្រូវបានបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តនីតិវិធីនៃការអនុម័ត។
២. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ (Draft Cybersecurity Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។ មកដល់ពេលនេះ ក.ប.ទ. បានទទួលធាតុចូលជាបន្តបន្ទាប់ ហើយ ក.ប.ទ. នឹងទទួលយកធាតុចូលពីស្ថាប័ននានាបន្ថែមទៀត រហូតដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
៣. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ (Draft Postal Service Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។
៤. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល (Draft Personal Data Protection Law) ហើយគ្រោងនឹងរៀបចំការពិភាក្សាផ្ទៃក្នុងក្រសួង នាពេលខាងមុខ។ ក្រោយបញ្ចប់ការពិភាក្សាផ្ទៃក្នុង ក.ប.ទ. នឹងផ្ញើទៅជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។
៥. ក.ប.ទ. បាននិងកំពុងរៀបចំ សេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដអាទិភាព (Cloud First Policy) ដោយបានសហការនិងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ក្នុងគោលដៅរៀបចំយុទ្ធសាស្ត្រនិងការវិនិយោគលើបច្ចេកវិទ្យាក្លោដ ដែលអាចគាំទ្រដល់ការផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ : សិលា