ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបេីកសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរ ការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះក្រសួងការពារជាតិ បានបើកសិក្ខាសាលាជាលើកដំបូងអំពី ប្រវត្តិសាស្ត្រយោធាស្តីពីនយោបាយឈ្នះ ឈ្នះ ។ សូមបញ្ជាក់ថា, សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងឲ្យរដ្ឋមន្ត្រីការពារជាតិ។

ថ្លែងនៅក្នុងសិក្ខាសាលានេះលោក ហ៊ុន ម៉ាណែត បានលើកឡើងថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់ពីបានប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគ រួមមានយោធភូមិភាគទី៣, ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាព កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យដំណើរការទៅមុខ ដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត ។

លោកបន្ថែមថា៖ «យើងទាំងអស់គ្នាស្រលាញ់សន្តិភាព ពិតណាស់សន្តិភាព មិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំមកហើយ។ តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះ គឺជា “ទស្សនវិជ្ជាសនិ្តភាព” ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក»។

ក្នុងន័យនេះ ការបញ្ចប់សង្គ្រាមមិនមែនជាអព្ភូតហេតុចៃដន្យឡើយ ដូចនេះទើបនៅក្នុងដំណើរការនៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និងសភាពការណ៍ជុំវិញមានភាពស្មុគ្រស្មាញ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។ លើសពីនេះ គេក៏អាចនិយាយបានថា នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានអត្ថន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ដោយហេតុថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិលើគ្រប់វិស័យ។

បើតាមបណ្ឌិតយោធាពីសាលាអាមេរិក West point រូបនេះ ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រការពារជាតិ សង្គ្រាម និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគអំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រមនៃការកកើតចលនាប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួម ប្រវត្តិសាស្រ្តយោធា គឺជាធនធានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។ ក្នុងន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផលវិបាកនៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ យើងក៏អាចនិយាយបានថា ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍ដ៏សម្បូរបែប និងជាធនធានពុទ្ធិសម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់នាំឱ្យសម្រេចជោគជ័យក្នុងការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះ សិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់នាយទាហានកងយោធពលខេរមភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និងបទពិសោធន៍ដ៏មានតម្លៃឧត្តុង្គឧត្តមសម្រាប់យោធិនយើងក្នុងនាមជាអ្នកជំនាន់ក្រោយ។

អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖

-នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ

-នៅឆ្នាំ 1990-1993 ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា

-នៅឆ្នាំ 1995-1999 ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។ នៅឆ្នាំ1995 ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក លោក បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

– នៅឆ្នាំ 2002 ៖ លោកបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក

– នៅឆ្នាំ 2008 ៖ លោកបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

សូមបញ្ជាក់ជូនថា៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា លោកបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយលោក បានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។

សូមជម្រាបជូនថា នេះជាប្រវត្តិការសិក្សាសង្ខេបរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់លោក ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖