ព័ត៌មានទាន់ហេតុការណ៍៖

ចំពោះគុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា មិនសូវបានល្អ គឺមកពីអ្វី !

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះគុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា មិនសូវបានល្អ គឺមកពី៖

ទី១) បណ្តាប្រតិបត្តិករទូរគមនាគមន៍ នាំគ្នាវិនិយោគនិងអភិវឌ្ឍន៍តំបន់គ្របដណ្តប់សេវានៃប្រព័ន្ធអ៉ីនធឺណិតល្បឿនលឿនចល័ត (3G/4G-LTE) ប្រមាណតែ 70% នៃផ្ទៃដីនៃប្រទេសយើងប៉ុណ្ណោះ តែក្នុងតំបន់ពាណិជ្ជកម្មប៉ុណ្ណោះ។ 

ទី២) ក្នុងទំហំផ្ទៃក្រឡាគ្របដណ្តាប់សេវា 70% នេះ មិនបានធ្វើបច្ចុប្បន្នភាពពង្រីកទំហំសមត្ថភាពបញ្ជូន-ទទួល ស្របតាមទំហំសមត្ថភាពចរន្តត្រាហ្វិកប្រើប្រាស់របស់អ្នកប្រើប្រាស់ ដែលកំពុងកើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទី៣) ចំពោះតំបន់គ្របដណ្តប់សេវានៅតាមទីមិនសមប្រកបនឹងពាណិជ្ជកម្មឬតំបន់ជនបទ ប្រមាណជា 30% នៃផ្ទៃប្រទេសយើង ដែលមិនទាន់បំពាក់ប្រព័ន្ធអ៉ីនធឺណិតល្បឿនលឿននោះ គឺប្រតិបត្តិករមានកាតព្វកិច្ចផ្តល់ថវិការកបានដុលសរុបរបស់ខ្លួនចំនួន 2% ចូលទៅក្នុងមូលនិធិសេវាកាតព្វកិច្ចសកល (USO) ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ឆ្នាំ២០១៥ ដែលគ្រប់គ្រងផ្ទាល់ដោយក្រុមការងារអន្តរក្រសួង មានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានមុខងារនិងភារកិច្ច រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បណ្តាញទូរគមនាគមន៍រួមនៅតាមទីជនបទដែលនៅសេសសល់នោះ និងគ្រប់គ្រងបែកចែកចំណាយអភិវឌ្ឍន៍លើបណ្តាញទាំងនោះ ដើម្បីជាប្រយោជន៍ដល់ប្រតិបត្តិករបានពង្រីកតំបន់សេវារបស់ខ្លួន និងប្រជាពលរដ្ឋតាមទីជនបទ ក្នុងការកាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុងនិងជនបទ និងជម្រុញការប្រើប្រាស់ឌីជីថលរបស់វិស័យដទៃទៀត រួមមាន វិស័យអប់រំ វិស័យទេសចរណ៍ កិច្ចការសាធារណៈ និងវិស័យដទៃៗទៀត ដើម្បីបង្កើនឃឿនសេដ្ឋកិច្ចជាតិ។

ទី៤) ក្នុងតំបន់បុរី តំបន់ពាណិជ្ជកម្ម និងតំបន់ទីប្រជុំជន នៃរាជធានីភ្នំពេញ ទីរួមខេត្តធំៗ និងទីប្រជុំជនសេដ្ឋកិច្ច មានការរំខានពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅ និងប្រកបរបរនៅក្នុងតំបន់ទាំងនោះ មិនឲ្យសាងសង់អង់តែន និងបំពាក់បរិក្ខាទូរគមនាគមន៍ ដោយយកទស្សនៈថាមានគ្រោះថ្នាក់ប៉ះពាល់សុខភាពដោយសារតែវិទ្យុកម្មហ្វ្រេកង់ស៍វិទ្យុ ដែលគ្មានហេតុផល និងមិនអាចកើតឡើងឡើយទោះជាមានការអះអាងថាមិនមានបញ្ហាដោយសហគមន៍ទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសុខភាពពិភពលោក (WHO) យ៉ាងណាក្តី និងយកហេតុផលសោភ័ណ្ឌ។ល។

ទី៥) ការមិនគោរពតាមស្តង់ដារគុណភាពសេវា របស់បណ្តាប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ ក្នុងការតម្លើងនិងបំពាក់បរិក្ខារប្រព័ន្ធនិងបណ្តាញទូរគមនាគមន៍ និងការផ្តល់សេវារបស់ខ្លួន។

ទី៦) ជំនាញគ្រប់គ្រង និងច្បាប់ បទដ្ឋានគតិយុត្តិ របស់វិស័យនៅមានកម្រិតនៅឡើយ ក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍន៍ និងការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍។

ទី៧) ការធ្វើបរិវត្តកម្ម នវានុវត្តន៍ និងឌីជីថលកម្មបច្ចេកវិទ្យានៅមានភាពស្រពិចស្រពិលមិនច្បាស់លាស់នៅឡើយ។

ទី៨) ការអភិវឌ្ឍ និងការជម្រុញទីផ្សារអ៉ីនធឺណិតតាមបណ្តាញខ្សែកាប្លិ៍អុបទិក នៅមានកម្រឹតទាបបំផុតនៅឡើយ។

ទី៩) ដើម្បីបង្កើនគុណភាពនិងអភិវឌ្ឍន៍អ៉ីនធឺណិតល្បឿនលឿន តាមរយៈបង្កើនគុណភាពសេវានិងតំបន់គ្របដណ្តាប់ប្រព័ន្ធ 4G និងបដិវត្តកម្មប្រព័ន្ធ 5G ដោយកំណត់ជាគោលនយោបាយ និងផែនទីបង្ហាញផ្លូវ ព្រមទាំងផែនការសកម្មភាពពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ក្រសួងត្រូវយកចិត្តដាក់បន្ថែមទៀត តាមរយៈធ្វើឌីជីថលកម្មទូរទស្សន៍រំដោះបន្ទាបង់ហ្វ្រេកង់ស៍វិទ្យុ 700MHz សហរមាណកម្មន្ទាបបង់ហ្វ្រេកង់ស៍ 3.5 GHz និងបូកបញ្ចូលគ្នារវាងទួរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលកម្មលើគ្រប់វិស័យ។

ចឹងដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវតែពិនិត្យ និងកែតម្រូវឲ្យបានសុក្រឹត្យ ច្បាស់លាស់ សមធម៌ ប្រសិទ្ធភាព និងបរិយាបន្ន បូកជាចាំបាច់នួវកិច្ចសហការអនុវត្តយ៉ាពេញទំហឹងពីបណ្តាប្រតិបត្តិករទូរគមនាគមន៍ និងការយោគយល់សហការពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់បុរី និងម្ចាស់អាគារពាណិជ្ជកម្មទាំងអស់ ព្រមទាំងទីតាំងពាក់ព័ន្ធ ដោយខានមិនបាន ក្នុងការតម្លើងអង់តែននិងការបំពាក់បរិក្ខារទូរគមនាគមន៍ ក្នុងតំបន់របស់ខ្លួន៕

ដោយ : អុឹម វុត្ថា


ចែករំលែក៖