ភ្នំពេញ ៖ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានដោយជោគជ័យ ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០២១មក គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំ កិច្ចសន្ទនាមួយទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងការបរទេសឥណ្ឌូនេស៊ី។
ការរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំនេះ គឺស្របនឹងការប្រារព្ធកម្មវិធីអបអរសាទរខួប ១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័ត សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១២។
កិច្ចសន្ទនានេះមានការចូលរួមពីរដ្ឋសមាជិកអាស៊ានទាំងដប់ និងស្ថាប័នជាតិសិទ្ធិមនុស្សមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្តល់ជាវេទិកាថ្នាក់តំបន់មួយ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈក្នុង ចំណោមប្រទេសសមាជិកអាស៊ាន និងចែករំលែកនូវឧត្តមានុវត្តន៍ និងបទពិសោធន៍ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកនីមួយៗ។
នៅក្នុងសុន្ទរកថារបស់ លោក Sidharto Reza Suryodipuro អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការអាស៊ាន និងជាប្រធាននៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន នៃក្រសួងការបរទេស សាធារណៈរដ្ឋឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានកាន់តែមានសារៈ សំខាន់ជាងពេលមុន ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលតំបន់អាស៊ានកំពុងប្រឈម ដូចជា ភាពលំបាកផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃជំងឺរាតត្បាត វិបត្តិស្បៀងអាហារនិងថាមពល និងការ ផ្លាស់ប្តូរទិដ្ឋភាពនយោបាយក្នុងស្រុក និងក្នុងតំបន់។
សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដោយស្មោះត្រង់ តំណាងរង កម្ពុជា និងជាប្រធានអាយឆា លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា អោយឆាអាចកសាងទំនុក ចិត្តទៅវិញទៅមក និងចែករំលែកបទពិសោធន៍ក្នុងដំណើរឆ្ពោះទៅមុខនៃការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្សនៅក្នុងអាស៊ាន។
ប្រធានបទមួយចំនួននៃសិទ្ធិមនុស្សដែលបានពិភាក្សាក្នុងកិច្ចសន្ទនា រួមមាន សេរីភាពខាង សាសនានិងជំនឿ សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ សិទ្ធិពលករចំណាកស្រុក សិទ្ធិស្ត្រីរួមទាំង ការចូលរួមរបស់ស្ត្រីនៅក្នុងនយោបាយ និងការព្យាបាលអ្នកទោសស្ត្រី ការការពារពលកម្មដោយបង្ខំ សិទ្ធិកុមារ ការជួញដូរមនុស្ស(TIPS) សិទ្ធិជនមានពិការភាព គោលដៅអភិវឌ្ឍន៍ដោយចីរភាព(SDGs)ធុរកិច្ចនិងសិទ្ធិមនុស្ស វិធានការក្នុងការដោះស្រាយកូវីដ-១៩ ការលុបបំបាត់ភាពក្រីក្រ ទោសប្រហារ ជីវិត ការអប់រំសិទ្ធិមនុស្ស សិទ្ធិទទួលបានយុត្តិធម៌ និងបម្រែបម្រួលអាកាសធាតុ។
គណៈប្រតិភូ ក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នរបស់ប្រទេសជាសមាជិកអាស៊ាន លើអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រក្នុងការអនុវត្តអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់(UPR)។
តំណាងអាយឆាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិ មនុស្ស និងសេរីភាពជាមូលដ្ឋាន។ តំណាងអោយឆាក៏បានកត់សម្គាល់ចំពោះសំណើក្នុងការបន្តកិច្ច សន្ទនានេះនាពេលអនាគត។
កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២ ត្រូវបានសហការដឹកនាំដោយ អាយឆា-ឥណ្ឌូនេស៊ី និងអាយឆា-កម្ពុជា ដោយបានរៀបចំឡើងក្នុងទម្រង់ដោយផ្ទាល់ និងអនឡាញ៕
ដោយ : សិលា