ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ ស្វាអង្កត់​ស្ថិតក្នុង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ហើយ​ត្រូវបាន​ចុះបញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ស្វាអង្កត់​ស្ថិតក្នុង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ហើយ​ត្រូវបាន​ចុះបញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក​។ មិនមាន​ទិន្នន័យ​ច្បាស់លាស់​ពី​ចំនួន នៃ​សត្វ​ស្វាអង្កត់​នៅលើ​ពិភពលោក​នោះទេ ហើយនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាទាំងអស់ ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយ។ តែ​តាមការសិក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី តែមួយ បង្ហាញថា​មាន​វត្តមានសត្វស្វាអង្កត់​ចំនួន ៥៦ ក្រុម មានប្រមាណ ១៤០ ក្បាល។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ 

លោកបន្តថា, ស្វាអង្កត់​មាន​វត្តមាន​តិចតួច​នៅ​ខាងលិច​ទន្លេមេគង្គ និង​មាន​ជា​មធ្យម​នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។ វា​ក៏មាន​វត្តមាន​ផងដែរ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន និង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ និង​ឥណ្ឌូចិន​។

លោក នេត្រ ភក្ត្រា បញ្ជាក់ ថា, ​ស្វាអង្កត់​មាន​ភិនភាគ​ដូច​ស្វា​ត្រោស​បេះបិទ ទាស់​តែមាន​មាធ​ធំ​ជាង​ស្វា​ត្រោស​បន្តិច និង​មានមុខ​ពណ៌​ក្រហម​។ វា​មាន​ទម្ងន់​ជា​មធ្យម​ចាប់ពី ៨-១២ គីឡូក្រាម​។ ផ្នែក​ខាងលើ​នៃ​ដងខ្លួន​មាន​ពណ៌​ប្រែប្រួល​ពី​ខ្មៅ​ស្រាល​ទៅ​ត្នោត​ស្រាល បន្ទាប់មក​ទៅជា​ក្រហមព្រឿងៗ ដែល​អាស្រ័យ​ទៅតាម​អាយុ និង​ទីកន្លែង​រស់នៅ​។

​ស្វា​ឈ្មោល​ពេញវ័យ​មាន​រោម​ដុះ​ពីក្រោម​ចង្កា​ច្រើនជាង​ពុកចង្កា​។ ស្បែក​មុខ​មាន​ពណ៌​ក្រហម​ត្នោត ហើយ​មាន​ពណ៌​ក្រហម​ខ្លាំង​នៅពេល​អាកាសធាតុ​ក្ដៅ និង​នៅ​រដូវ​បន្ត​ពូជ​។ នៅពេល​ចាស់​ទៅ ផ្នែក​ខាង​ខ្នង​រហូតដល់​ស្មា​មាន​រោម​វែង​ហើយ​ក្រាស់ ផ្ទៃមុខ​មាន​រោម​ស្ដើង ថ្ងាស​ទំពែក​លយ​ទៅមុខ​រាង​ចោត​។ ផ្នែក​ត្រគាក កន្ទុយ​មាន​រោម​ខ្លី​ហើយ​ស្ដើង និង​មាន​ប្រវែង​តិចជាង ១០% នៃ​ប្រវែង​ពី​ក្បាល​ដល់​ដងខ្លួន​។​

​ស្វាអង្កត់​ជាស​ត្វ​ចូលចិត្ត​រស់នៅ​តំបន់​ខ្ពស់ៗ ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ក្នុងព្រៃ​ធម្មជាតិ និង​ព្រៃដុះឡើងវិញ​ដែលមាន​រយៈកម្ពស់​រហូត​ដល់ ២,០០០ ម៉ែត្រ​ធៀប​នីវ៉ូ​សមុទ្រ ហើយ​វា​ចំណាយពេល​ច្រើន​នៅ​លើដី​ដើម្បី​រក​ចំណី​។ ពួកវា​ស៉ី​គ្រាប់​រុក្ខជាតិ ផ្លែឈើ មើម​ឈើ និង​ប្រភេទ​សត្វល្អិត​តូចៗ​ជា​អាហារ​៕ ដោយ : សហការី

រូបថតអង្គការ WCS


ចែករំលែក៖