ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា,  ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជា ប្រេសិតពិសេសនៃប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការ នយោបាយ និងសន្តិសុខនសហភាពអឺរ៉ុប ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកស្រីឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្ចង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នៅក្នុងសម័យប្រជុំបិទទ្វារនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយ មីយ៉ាន់ម៉ាស្ដារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ លោកបានរំលឹកឡើងវិញ អំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការ បញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្ដល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការ បំផុត ៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្ដើមដំណើរការកិច្ច សន្ទនារវាងភាគីពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយ សមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឱ្យប្រេសិត ពិសេសបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។ លោកប្រេសិតពិសសកិច្ច ជម្រាបជូនសម័យកិច្ចប្រជុំនេះថា លោកបានធ្វើទស្សនកិច្ចចំនួនពីរលើកទៅកាន់មីយ៉ាន់ម៉ា ជួបជាមួយតំណាងជាន់ខ្ពស់នានានៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) អង្គការប្រដាប់អាវុធជនជាតិភាគ តិច ចំនួន ៧ គណបក្សនយោបាយចំនួន ៨ និងភាគីពាក់ព័ន្ធផ្សេងៗទៀត រួមមានទីភ្នាក់ងារឯកទេស អង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សា លោកឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាបានអំពាវ នាវយ៉ាងខ្ជាប់ខ្ជួនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SAC ឱ្យមានការអត់ធ្មត់ជាទីបំផុត ជៀសវាងការឆ្លើយតបមិនសមាមាត្រ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលទាំងឡាយ។ នៅខណៈ ពេលដែលកំពុងថ្កោលទោសអំពើហិង្សាដ៏ខ្លាំងក្លាបំផុត លោកប្រេសិតពិសេសក៏បានទទូចឲ្យក្រុម ប្រដាប់អាវុធនានានៅមីយ៉ាន់ម៉ា ចាប់ផ្តើមការចរចាគ្នាលើបទឈប់បាញ់ឲ្យបានឆាប់ដោយមិនបង្អង់។

លោកប្រេសិតពិសេសបានកត់សម្គាល់ថា ការចាប់ផ្តើមដំណើរការកិច្ចសន្ទនាមួយ គឺជា កិច្ចការដ៏លំបាកបំផុត ដោយសារភាពខុសគ្នានានារវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាគឺឆ្ងាយពីគ្នាដូច មហាសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំ ថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកទី២ លោកបានចូលរួមចំណែកជួយបើកទ្វារបន្តិច សម្រាប់ដំណើរការកិច្ចសន្ទនា ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីជម្លោះនានានឹងទាញយក អត្ថប្រយោជន៍ពីការអភិវឌ្ឍវិជ្ជមាននេះ ដើម្បីធ្វើការឆ្ពោះទៅរកដំណើរការសន្ទនាប្រកបដោយបរិយាប័ន្ន។ ជាងនេះទៅទៀត លោកប្រសិតពិសេស បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងទំនុក ចិត្ត និងការជឿជាក់ ដែលជាកត្តាជំនួយឱ្យភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា ធ្វើការផ្សះផ្សាភាពខុសគ្នា របស់ពួកគេ និងធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដោយសេចក្ដីស្មោះត្រង់។

លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំ ថា កម្ពុជាសម្រេចបាននូវវឌ្ឍន ភាពជាក់លាក់ និងលេចធ្លោ ស្តីពីការងារមនុស្សធម៌ តាមរយៈការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅ ដើមខែឧសភា ដែលនាំឱ្យមានការអនុម័តនូវក្របខ័ណ្ឌសំខាន់ៗចំនួនពីរ រួមមាន (១) ក្របខណ្ឌ រៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌អាស៊ាន និង (២) ក្របខណ្ឌចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួង សុខាភិបាលមីយ៉ាន់ម៉ា និងដៃគូ។ លើសពីនេះ លោកប្រេសិតពិសេសក៏បានជួយដោះស្រាយការ ប្រឈមផ្នែកប្រតិបត្តិការ និងសម្របសម្រួលការងារមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងអង្គការអន្តរជាតិផ្សេងៗ ទៀត។ ជាការសំខាន់ផងដែរ កម្ពុជាមិនត្រឹមតែបានផ្ដល់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងជំនួយហិរញ្ញវត្ថុ តាមរយៈទ្វេភាគី ដល់ប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកៀរគរតាមរយៈយន្តការ អាស៊ាន នូវជំនួយមនុស្សធម៌ជាច្រើន រួមទាំងវ៉ាក់សាំងចំនួន ៣ លានដូសផងដែរ។

ដោយមើលឃើញពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែបន្តមានសភាពធ្ងន់ធ្ងរប្រកប ដោយគ្រោះថ្នាក់ និងអស្ថិរភាពនោះ មេដឹកនាំបានអនុម័តឯកសារស្តីពី “ការពិនិត្យ និងសេចក្តីសម្រេច របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច នៅក្នុងឱកាសកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ដែលរួមមាន១៥ចំណុច

ដើម្បីកំណត់ទិសដៅអនាគត នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បាន បញ្ជាក់ផងដែរថា ចំណុចទាំង១៥ នៃឯកសារនេះគឺពុំមែនយកមកជំនួស 5PC នោះទេ ប៉ុន្តែដើម្បី បំពេញបន្ថែម និងសម្របសម្រួលដល់កាអនុវត្តកិច្ចព្រមព្រៀង 5PC ឲ្យបានឆាប់។

លោកប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ដែល មានចំនួនប្រមាណ ៦០០០ នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយក្នុង ទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្ដើមដំណើរការ សន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ លោកប្រេសិតពិសេស ក៏បានបង្ហាញនូវ ក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនាពេលអនាគត ដើម្បីផ្ដល់ឱកាសដល់ សន្តិភាពនិងការផ្សះផ្សាជាតិ។

សហភាពអឺរ៉ុបបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង ( PC និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏ មោះមុតរបស់ខ្លួន ក្នុងការគាំទ្រមជ្ឈិមភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយ មីយ៉ាន់ម៉ាឱ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត។ កម្ពុជាក្នុងនាមជាប្រធាន អាស៊ានបានសម្តែងនូវសេចក្តីដឹងគុណចំពោះសហភាពអឺរ៉ុប ក្នុងការរួមចំណែកដ៏សប្បុរសដល់ អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ជាពិសេសក្នុងផ្នែកជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖