ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា សូមអរគុណសន្តិភាព បើមិនមានសុខសន្តិភាព ក៏មិនមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះដែរ ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងបើកការដ្ឋានស្ថាបនា ផ្លូវចាក់ថ្មបំបែក៤.១០០ម៉ែត្រឆ្លងកាត់២ភូមិ ភូមិព្រៃតាយន្ត ភូមិ ព្រៃស្រគុំនិង ផ្លូវមួយខ្សែទៀតក្នុងភូមិសេកយំ ប្រវែង១.៨០០ម៉ែត្រ សរុប៥.៩០០ម៉ែត្រ ឃុំពងទឹក ស្រុករំដួល ដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជា ដឹក កសិកផល ផងដែរ។
លោក រស់ ផារិទ្ធ អភិបាលរង តំណាង លោកអភិបាលខេត្តស្វាយរៀង បានបន្តថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពិសេសជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជាក្នុងខេត្តស្វាយរៀងផងដែរ។
លោកអភិបាលរងខេត្តស្វាយរៀងក៏ បានអំពាវនាវប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលថ្មី ផ្លូវ២ខ្សែនេះហើយសូមចូលរួមថែរក្សាឲ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ពិសេសអ្នកម៉ៅការផ្លូវ២ខ្សែនេះសូមធ្វើឱ្យមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ។បន្ទាប់មកលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងសូមបងប្អូនចាស់ក្មេង នាំគ្នាមកចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងបន្តចាក់ដូសជំរុញទី៦ តាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សារជាថ្មី និងសូមអញ្ជើញពុកម៉ែលោកតាលោកយាយ ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា ៕
ដោយ៖ សុថាន