ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍ ​៖​ ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨  ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។ នេះបេី​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី​០៤​ ខែមករា​ ឆ្នាំ​២០២៣។ 

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននេះ ត្រូវបាន រកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ ឆ្នាំ ។ លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែល ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិ សាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ 

ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍,  គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។   លទ្ធផលវិភាគលើវត្ថុបានពីកំណាយ បង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងគ្នា៖   សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ ឆ្នាំ, វប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១០០០ ដល់   ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។ កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្រ្តបីផ្សេងៗគ្នា ដូចជា៖ (14C,  OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ ម៉ែត្រ។ 

រហូតមកទល់ពេលនេះ  ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។  ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕

ដោយ៖សហការី​


ចែករំលែក៖