ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​៖​ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ២ថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិវៀតណាមចំនួន ០២នាក់​,​ នេះបើ​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០២ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ​។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែង​បញ្ជាក់ថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៩៣ករណី មានមនុស្ស ១,៦៨៤នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៣៨សំណើ និងបិទសំណុំរឿង ២២៣សំណើ (រកឃើញមនុស្ស ១,០៦២នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣២ករណី។ 

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា​ ជុំវិញបញ្ហានេះដែរ​ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖