ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីអ្នកលក់បន្លែមិនបានសម្រេច​ បណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉ករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានធ្លាក់ពីលើរុឺម៉កដឹកបន្លែបែកក្បាលសន្លប់ស្ដូកស្ដឹង បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីគាត់មិនបានសម្រេច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧​ និង១០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣​ នៅត្រង់ចំណុចខាងជើងស្ពានអាកាសស្ទឹងមានជ័យប្រហែល៦០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

​     ជនរងគ្រោះមានឈ្មោះ មុី រ៉ូ  ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។

​     តាមសម្ដីអ្នកបើករុឺម៉ករងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគដឹកយកទៅលក់នៅផ្សារជម្ពូវ័ន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង​ មិនចាំស្លាកលេខ​ បានមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយដែលស្ត្រីរងគ្រោះស្ពាយចំហៀងខ្លួនអង្គុយលើរុឺម៉កបណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉កបែកក្បាលសន្លប់ស្ដូកស្ដឹង។ ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យទាំងអស់នោះបានជិះម៉ូតូទៅមុខគេចខ្លួនបាត់ស្រមោលអស់ទៅ។

​     ក្រោយពីកើតហេតុ​ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ​ ។  គួររំលឹកផងដែរថា ករណីឆក់នៅជិតស្ពានអាកាសស្ទឹងមានជ័យតែងតែកើតមានសឹងរាល់ថ្ងៃ​ ដោយប្រជាពរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនផង​ ដេីម្បីការពារភូមិ​ សង្កាត់​ ខណ្ឌ​ មានសុវត្ថិភាព​៕​

IMG_0437 IMG_0433 IMG_0434 IMG_0441 IMG_0436

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖