ខេត្តត្បូងឃ្មុំ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទស្សនកិច្ច ក្រុមហ៊ុនផលិតម្រេចសរីរាង្គ SELA Pepper ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃសុក្រទី២៧ ខែមករានេះ បានឱ្យដឹងថា តាមរយៈកម្មវិធីទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានស្វែងយល់ពីខ្សែច្រវាក់នៃផលិតកម្មតាំងពីការសម្អាតរហូត ដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យនៃម្រេចសរីរាង្គ។
សូមជម្រាបថា ម្រេចសរីរាង្គខ្មែរមានការពេញនិយមមានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយដើម្បីនាំចេញ។
ក្នុងការជួបសំណេះសំណាលជាមួយសមាគមអ្នកដាំម្រេចសរីរាង្គ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តកសិករឱ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាពស្តង់ដាល្អដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។ លើសពីនេះទៀត ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំឱ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sela Pepper ទទួលបានវិញ្ញាបនបត្រស្តង់ដាសរីរាង្គពី Control Union CU 871246, USDA Organic, និង JAS Control Union Certifications។ ក្រុមហ៊ុនមានគោលដៅ នាំចេញម្រេច ទៅកាន់ប្រទេសគោលដៅជាច្រើនដូចជាតៃវ៉ាន់ សហរដ្ឋអាមេរិក អាឡឺម៉ង់ ប៉ូឡូញ និងប្រទេសមួយចំនួនទៀត នៅអាស៊ីផងដែរ៕

ដោយ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច