ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ស្រ្តីជាជនដៃដល់ម្នាក់យកបន្ទះឈើវាយក្បាលបុរសម្នាក់បណ្ដាលឱ្យបែករយះ ហូរឈាមរហូតស្លាប់ក្នុងជម្លោះលេងបៀរ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ  ស្ត្រីម្នាក់បានយកបន្ទះឈើ វាយក្បាលបុរសម្នាក់ ពីលើផ្នែកខាងក្រោយបណ្ដាលឱ្យបែករយះហូរឈាមរហូត ដល់ស្លាប់ ក្រោយពីបុរសនោះ បង្កជម្លោះជេរបញ្ចោរ គ្នាជាមួយស្រ្តីម្នាក់នោះ។

មន្ត្រីនគរបាលស្រុកស្វាយលើខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្ដាលឱ្យមរណភាព) នេះ កើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មកម៉្លេះ។ ឈ្មោះ ធុច សារិ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ឈ្មោះ រុឹម ចិន ភេទស្រី អាយុ ៣៣ ឆ្នាំ (ជនសង្ស័យដែលបានត្រូវសមត្ថកិច្ចឃាត់ខ្លួនរស់នៅនភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្ត សៀមរាប ឈ្មោះ វេត សៃ ហៅ វ៉ៃ (បុរសរងគ្រោះ) អាយុ ៣១ ឆ្នាំ បានទៅលេងបៀរ នៅផ្ទះរបស់ឈ្មោះ វឹម សាវិត ភេទស្រី និងប្ដីឈ្មោះ ញុក ណយ។ អ្នកទាំងនោះ បានលេងបៀរផង ផឹកស្រាថ្នាំផង ។

លុះដល់ម៉ោង ២០ និង ៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដដែល ស្រាប់តែជនរង គ្រោះ ឈ្មោះ វេត សៃ (ហៅ វ៉ៃ) បានជេរបញ្ចោរ ទៅលើជនសង្ស័យ ឈ្មោះ រុឹម ចិន ភ្លាមនោះ ក៏មានជម្លោះកើតឡើង។ បន្ទាប់មកគ្នីគ្នាទាំងអស់នោះ បានមកបំបែកតែជនរងគ្រោះ មិនព្រមឈប់ជេរ នៅតែរករឿង ទើបជនសង្ស័យ ឈ្មោះ រុឹម ចិន បានស្ទុះទៅយកបន្ទះឈើ ដែលមានប្រវែង ១ ម៉ែត្រ ទៅវាយក្បាលរបស់ជនរងគ្រោះ ពីលើផ្នែកខាងក្រោយ បណ្ដាលឱ្យបែករយះ ។ ក្រោយពីត្រូវរបួសហើយ ជន រងគ្រោះ បានទៅដេកនៅមុខផ្ទះជនសង្ស័យ ។ ចំណែកជនសង្ស័យ ក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ ។ 

លុះព្រឹកឡើងវេលាម៉ោង ៩ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ជនសង្ស័យ ក៏បានយកទឹក ទៅលាងរបួសឱ្យជនរងគ្រោះ ដេកនៅនឹងមុខផ្ទះ ដោយមិនបានទៅណាទេ ហើយក៏ជនសង្ស័យ មិនបានចាប់អារម្មណ៍ លុះដល់ម៉ោង ៣ រសៀល ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ ។

ស្រ្តីជាជនដៃដល់ ក៏ត្រូវឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖