ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំបានកាម ស្រុកព្រៃកប្បាសព្រួយបារម្ភរឿងឈ្មួញកាយប្រឡាយខុសពីពួកគាត់ស្នើសុំ

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋរស់នៅក្នុងឃុំបានកាមស្រុកព្រៃកប្បាសខេត្តតាកែវសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមឈ្មួយយកគ្រឿងចក្រស្ដាប្រឡាយខុសពីពួកគាត់ស្នើសុំ ។ ពលរដ្ឋបានលើកឡើងថាពួកគាត់ស្នើសុំស្ដារប្រឡាយតាមរយៈលោកមេភូមិ,មេឃុំដោយស្តារប្រឡាយត្រឹមជម្រៅ១ម៉ែត្រកន្លះទេ តែបែរជាក្រុមឈ្មួញកាយជម្រៅលើសការស្នើសុំដើម្បីយកអាចម៍ដីលក់ទៅវិញ។

ពលរដ្ឋបានបន្តទៀតថា ពួកគាត់លែងហ៊ានធ្វើដំណើរតាមខ្នងប្រឡាយក្នុងភូមិដូងខ្ពស់ទៀតហើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសារប្រឡាយនេះជ្រៅចោទគ្មានស្ដង់ដាបច្ចេកទេសពីមន្រ្តីជំនាញនោះទេ។

ចំណែកលោកចៅហ្វាយស្រុកក៏មិនដែលចុះមកដល់ទីតាំងស្ដារប្រឡាយនេះដែរ។ ពួកគាត់លើកឡើងទៀតថាចាំមើលនៅរដូវវស្សាភ្លៀងធ្លាក់មកប្រឡាយចោទនេះនិងបាក់ដីបាក់ផ្លូវហើយនិងមានក្មេងជាច្រើនបើមិនប្រយត្ន័និងធ្លាក់ទឹក។

ពាក់ព័ន្ធករណីខាងលើលោកឌឹម គឹមសាន្ត ចៅហ្វាយ ស្រុកព្រៃកប្បាសបានឱ្យដឹងថា លោកពិតជាបាន ឃើញពាក្យសុំពីពលរដ្ឋសុំស្ដារប្រឡាយនៅចំណុចខាងលើពិតមែនគឺសុំស្ដារជម្រៅត្រឹមតែ១ម៉ែត្រកន្លះនោះទេហើយក៏បានអនុញ្ញាតឱ្យនិងបានប្រាប់ទៅខាងបច្ចេកទេសឱ្យតាមដានមើលបន្ថែមទៀត ជាពិសេសលោកមេឃុំបានកាមត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់និងរាយការណ៍មកសាលាស្រុកវិញបើក្រុមឈ្មួញមិនអនុវត្តតាមការស្នើសុំរបស់ពលរដ្ឋ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា តាមពិតថៅកែគ្រឿងចក្រគេកាយតាមការស្នើសុំតែមកពីលោក នៅ រ៉ន មន្រ្តីធនធានទឹកស្រុកព្រៃកប្បាសអ្នក បញ្ជាឱ្យថៅកែគ្រឿងចក្រកាយឱ្យជ្រៅជាងការស្នើសុំរបស់ពួកគាត់ដើម្បីបានអាចម៍ដីលក់ច្រើនហើយបានលុយយកទៅចែកមេៗនៅសាលាស្រុក។

ពលរដ្ឋនាំគ្នាសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវមេត្តាតាមដានការងាររបស់លោកឌឹម គឺមសាន្ត ចៅ ហ្វាយស្រុកព្រៃកប្បាសផងចំពោះរឿងអនុញ្ញាតឱ្យឈ្មួញកាយប្រឡាយ១ម៉ែត្រកន្លះតែដល់ក្រុមឈ្មួយកាយលើសរអៀសខ្លូនមិនព្រមចុះមកត្រួតពិនិត្យតើដឹកនាំបម្រើរាស្រ្តរបៀបម៉េច៕

ដោយ៖ សូរិយា


ចែករំលែក៖