ព័ត៌មានទាន់ហេតុការណ៍៖

អាង​ខ្លួនជា​កូនប្រសារមន្រ្តីនគរបាល​យាមនៅតុលាការ ចង់​ធ្វើ​បងធំ​ប្រចាំ​ស្រុក​ មានអីសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​បានធ្វើ​សកម្មភាព​ប្រេីហិ​ង្សា​ដោយ​ចេតនា ដោយវា​យ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់បណ្ដាល​ឱ្យផុង​ចិញ្ចើម​រង​របួស​ធ្ងន់​ ហេីយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជនសង្ស័យ​មានឈ្មោះ វ៉ា​ន់ សុ​ជាតិ ហៅ​ហន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នួល​ជ្រុំ​ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ចំណុច​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុកកងពិសី​ បាន​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា ជនសង្ស័យ​គឺជា​មុខសញ្ញា​បងធំ និង​ជា​ក្មេង​ទំនើង​ប្រចាំ​តំបន់​ ហេីយ​ជន​នេះ គឺជា​កូនប្រសារ​របស់​លោក ​អ៊ុ​ក សុ​ផាត នាយ​រង​ផ្នែក​អន្តរាគមន៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដែល​បច្ចុប្បន្ន​ជា​អ្នកយាម​ប្រចាំការ​នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។

សូមជម្រាបថា​ ជន​នេះ​តែងតែ​បង្ក​អំពើ​ហិ​ង្សា​វាយគេឯងនៅក្នុងភូមិ​នា​ពេល​កន្លង​មកផងដែរ។ លុះនៅថ្ងៃកេីតហេតុ​ ជនសង្ស័យ​រូបនេះ​ បាន​ស្ទាក់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ​ម៉​ន ចម្រើន អាយុ ១៨ឆ្នាំ បណ្ដាល​ឱ្យផុង​ចិញ្ចើម​ស្តាំ ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅឯរាជធានីភ្នំពេញ​ ហេីយ​រហូត​មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​មាន​អាកា​រៈ​ធូរស្រាល​នៅឡើយ​ទេ ។

មន្រ្តី​ដដែល​បន្ត​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ ឆ្នាំ២០២៣កន្លងមក​ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ទើបតែ​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ ឆ្នាំ២០២៣ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី​ក៏​ចុះ​ទៅ​ឃាត់​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​ច្បាប់៕

 

ដោយ​៖សហការី​


ចែករំលែក៖