ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន នឹងចូលរួមការពាររបាយការណ៍ ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ

ចែករំលែក៖

ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន អំពីការចូលរួមការពាររបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នៅទីក្រុងហ្សឺណែល ប្រទេសស្វីស។

សូមជូនដំណឹងដល់សាធារណៈជនដែលមានបំណងទទួលព័ត៌មានពាក់ព័ន្ធអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមចូលរួម តាមរយៈ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ 

សូមបញ្ជាក់ថា, តំណាងឱ្យ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំគណៈប្រតិភូចំនួន៧រូប ៣រូបពីគ.ស.ម.ក. និងគណៈប្រតិភូ អន្តរក្រសួងចំនួន ៤រូប រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការពាររបាយការណ៍ ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

កម្ពុជាបានដាក់របាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅខែតុលា ឆ្នាំ២០១៩ និងបានផ្ញើជូននូវការឆ្លើយតបទៅនឹងបញ្ជីបញ្ហា (List of Issues) នៃកតិកាសញ្ញានេះ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់តាមដាននិងការធ្វើឱ្យប្រសើឡើងនូវ ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសទាំងអស់ដែលជាសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖