ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានមុឺងម៉ាត់ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដោយប្រកួតកីឡាស៊ីហ្គេមនេះនៅសល់តែ៥២ថ្ងៃទៀតប៉ុណ្នោះ។

ការជំរុញបែបនេះលោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា  កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែកដើម្បីពិនិត្យពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការរងារការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងការប្រកួតកីឡានេះ។

លោក ឃួង ស្រេង បានបន្តទៀតថា ការងារធំរបស់យើងគឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត កុំអោយមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះគឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូកីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ។

លោកឃួង ស្រេង បានបន្តទៀតថា៖ ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ ផ្លូវលេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះ=ឈ្នះ និងមហាវិថីឈ្នះ=ឈ្នះនេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសម្អាតអនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការចលនាប្រជាពលរដ្ឋអោយដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា៖ ការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលម្អផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក្តី៕

ដោយ៖ សំរិត


ចែករំលែក៖