ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិល រៀបចំឱ្យមានខ្សែចង្វាក់ទស្សនាចរដីកោះដ៏ស្រស់ស្អាតបែបធម្មជាតិចំនួន៧កន្លែងនៅតាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍របស់ក្រសួងទេសចរណ៍។
លោក ផយ វណ្ណា សមាជិកសហគមន៍ ផ្សោតឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានឱ្យដឹងថា នៅពេលនេះសមាជិកសហគមន៍ព្រះរំកិលបានត្រៀមលក្ខណៈរួចជាស្រេចនូវមធ្យោបាយដឹកជញ្ជូនដើម្បីបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវធ្វើដំណើរកម្សាន្តទៅ តាមចំណុចដីកោះចំនួន៧កន្លែងនៅក្នុងតំបន់ទេសចណ៍ឃុំព្រះរំកិល។
លោកវណ្ណា បន្តថា ចំណុចដែលត្រូវទៅទស្សនាចំនួន៧កន្លែងនោះរួមមាន៖ទេសភាពកោះល្ង កោះពាង កោះលន់ កោះទន្សាយ កោះឈើទាលតូចធំ ជើងភ្នំបន្ទំចេក ឆ្នេរកូនភ្នំខ្សាច់ជាដើម។ល។
លោកស្រីគាង រចនា ប្រជាពលរដ្ឋនៅភូមិអន្លង់ស្វាយ លក់សម្លៀកបំពាក់នៅតំបន់នេះបានបញ្ជាក់ថា កត្តានេះហើយដែលអាចទាក់ទាញភ្ញៀវឱ្យមកម្តងហើយចង់មកម្តងទៀត។ ចំណែកប្រជាសហគមន៍ក៏រកប្រាក់កម្រៃបានទៅតាមនោះដែរ។
លោកស្រីមាស នួន ភ្ញៀវទេសចរមកពីខេត្តកំពង់ចាមបានទទួលស្គាល់ថា នេះជាសម្បត្តិធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមាន ហើយប្រជាពលរដ្ឋយើងនៅតាមបណ្តាខេត្តមួយចំនួនមិនទាន់បានមកឃើញនៅឡើយនោះទេ។
លោកស្រីអះអាងថា នឹងជួយផ្សព្វផ្សាយសក្តានុពលតំបន់នេះឱ្យភ្ញៀវទេសចរបានដឹងនិងនាំគ្នាមកទស្សនា ព្រោះនៅពេលមកដល់យើងបានឃើញសត្វស្លាបលើដីកោះដ៏ស្រស់ស្អាតបែបធម្មជាតិប្លែកៗ និងបានឃើញទឹកដីព្រំប្រទល់រវាងប្រទេសកម្ពុជា នឹងប្រទេសឡាវផងដែរ។
សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ២០០២ដែលធ្លាប់មានការគាំទ្រពីអង្គការម្លប់បៃតងនិងមានសត្វផ្សោតជាចក្ខុវិស័យ តែក្រោយពីមានតំបន់ដនសាហុងបង្កើតឡើងនៅជិតនេះ ត្រីផ្សោតបានបំលាស់ទី និងខ្លះទៀតជាប់មងបណ្ដាល ឱ្យស្លាប់ ទើបសហគមន៍នាំគ្នាផ្លាស់ប្តូរនិងរៀបចំតំបន់ទីតាំង៧កន្លែងសម្រាប់ជូនភ្ញៀវទស្សនាបន្ថែមទៀត៕
ដោយ៖ សហការី