ព័ត៌មានទាន់ហេតុការណ៍៖

កងយោធពលខេមរភូមិន្ទប្រកាសកម្ចាត់ចោលភ្លាមចំពោះចលនាសង្គ្រោះជាតិ ដែលចង់បំផ្លិចបំផ្លាញសន្តិភាព និងសុខដុមរមនីយកម្មរបស់ប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រកាសចេញពីកងពលធំអន្តរាគមន៍លេខ២នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានប្រកាសដាច់ខាតថា ក្នុងនាមយើងជា កងយោធពលខេមរភូមិន្ទ ត្រូវតែប្រឆាំង និងកម្ចាត់ចោលភ្លាមចំពោះចលនាសង្គ្រោះជាតិដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព និងសុខដុមរមនីយកម្ម របស់ប្រជាជនកម្ពុជា ព្រោះថាកងយោធពលខេមរភូមិន្ទគឺជាឧបករណ៍បម្រើរដ្ឋនិង ប្រជាជនកើតចេញពីប្រជាជនមានតួនាទីភារកិច្ចការពាររដ្ឋការពាររាជរដ្ឋាភិបាលស្របច្បាប់ការពារសន្តិភាពនិងសេចក្តី សុខរបស់ប្រជាជនឱ្យបានគង់វង្ស ដើម្បី ប្រមូលផ្តុំនូវសក្តានុពលទាំងឡាយក្នុងគោលដៅតែមួយគត់ គឺការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត ។

ការថ្លែងបែបនេះរបស់ប្រមុខដឹកនាំកងទ័ពកម្ពុជាធ្វើឡើងក្នុងពិធីបូកសរុបលទ្ធ ផលការងារយោធាឆ្នាំ២០១៧និងផ្សព្វ ផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៨របស់កងពលធំអន្តរាគមន៍ លេខ២ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ ។

ការព្រមានរបស់ប្រមុខដឹកនាំកងទ័ព របស់កម្ពុជារួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀត របស់អតីតគណបក្សសង្គ្រេាះជាតិបាន ប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនា សង្គ្រេាះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យទាមទារឱ្យដោះលែងលោក កឹម សុខា និងចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះត្រូវ បាន លោក សម រង្ស៊ី ប្រកាសថា នឹងបង្កើត ជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជម្រាបថា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេក ទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពល តូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិបានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើងនៅកម្ពុជាពេលណានោះកងយោធពលខេមរភូមិន្ទនឹងកម្ទេចចោលនៅពេលនោះភ្លាមៗតែម្តង ។

ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិន អនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំងមាន សមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕ហេង សូរិយា

 


ចែករំលែក៖