ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុន AIA ដាក់ស្លាកធំៗលើអក្សរខ្មែរកាត់ទទឹងផ្លូវក្នុងក្រុងស្ងើចតែក្រសួងពាក់ព័ន្ធមើលមិនឃើញ

ចែករំលែក៖

ប្រសិនបើយើងធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េតពីគល់ស្ពានស្ទឹងមានជ័យក្នុង ខណ្ឌមានជ័យឆ្ពោះទៅផ្លូវវេ៉ងស្រេង និងធ្វើដំណើរពីគល់ស្ពានជ្រោយចង្វាឆ្ពោះទៅ ស្ពានព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវនឹងឃើញស្លាកសញ្ញា ធំៗរបស់ក្រុមហ៊ុន AIA ដាក់កាត់ទទឹងផ្លូវពីលើអក្សរខ្មែរ ហើយសរសេរអក្សរខ្មែរតូច ស្ទើរមើលមិនឃើញផង ។

នាងខ្ញុំឆ្ងល់ថា េហតុអ្វីបានជាក្រុមហ៊ុន AIA សរសេរអក្សរបរទេសធំៗ ម្តេចក៏ ក្រសួង ស្ថាប័នពាក់ព័ន្ធមើលមិនឃើញ ឬក៏ឃើញដែរ តែមិនចាប់អារម្មណ៍? រឿងនេះ បើសិនមិនពិចារណានឹងគិតថាជារឿងធម្មតា ក៏ប៉ុន្តែប្រសិនបើយើងពិនិត្យពិច័យឲ្យ បានមុតជ្រៅជាងនេះនឹងយល់ថា ប្រការដែលក្រុមហ៊ុន AIA (ក្រុមហ៊ុនធានារ៉ាប់រង ជីវិត)កំពុងជាន់ពន្លិចអក្សរសាស្ត្រជាតិនិងប្រមាថធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ខ្មែរ។

កន្លងមកគេសង្កេតឃើញក្រុមហ៊ុន ហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រោង ចក្រ សហគ្រាសមួយចំនួនមានសរសេរជាអក្សរបរទេសដោយមិនសរសេរអក្សរខ្មែរនោះឡើយ ដែលករណីនេះក្រសួង ស្ថាប័នពាក់ព័ន្ធគួរតែចាត់វិធានការដោះស្រាយជា បន្ទាន់ដើម្បីលើកគុណតម្លៃវិស័យអក្សរសាស្ត្រក៏ដូចជាតម្លៃជាតិរបស់យើងផងដែរ ។

នាងខ្ញុំឮគេថា ក្រុមហ៊ុន AIA ជាក្រុមហ៊ុនរបស់ថៃ តែទោះបីជាក្រុមហ៊ុនថៃក្តី ក្រុម ហ៊ុនយួនក្តី ក្រុមហ៊ុនអាមេរិកាំងក្តី ប្រសិនបើដាក់ទុកវិនិយោគនៅស្រុកខ្មែរគួរតែគោរពច្បាប់ស្រុកខ្មែរ។ មួយរយៈកន្លងមកនាងខ្ញុំក៏ធ្លាប់ទៅប្រទេសវៀតណាម ថៃសង្កេត ឃើញថា ប្រទេសគេគ្រប់ស្លាកយីហោតែងតែសរសេរអក្សរសាស្ត្រជាតិរបស់គេដោយកម្រនឹងឃើញសរសេរអក្សរបរទេសណាស់បើទោះបីជាសរសេរអក្សរបរទេសក៏ សរសេរតូចៗជាងអក្សរជាតិរបស់គេដែរ។ ចុះប្លែកអីតែស្រុកយើងហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ សហគ្រាសមួយចំនួនបែរជាសរសេរអក្សរបរ ទេសដោយមិនសរសេរអក្សរខ្មែរផងទៅ។ នេះជាការប្រមាថដល់វិស័យអក្សរជាតិ របស់យើងដោយខ្លួនយើងមិនចាប់អារម្មណ៍ និងចាត់ទុករឿងបែបនេះអត់បានការ ទៅវិញ ។

អ៊ីចឹងហើយបានជាវិស័យអក្សរសាស្រ្តជាតិនាពេលបច្ចុប្បន្ននេះធ្លាក់ចុះគួរឲ្យ ព្រួយបារម្ភៗត្រង់ហេតុថា ក្នុងក្របខ័ណ្ឌសរសេរស្លាកយីហោ ហាងលក់ទំនិញនានា ភោជនីយដ្ឋានគឺមានកំហុសអក្ខរាវិរុទ្ធព្រោងព្រាត ជាពិសេសឯកសារផ្លូវការក្នុងស្ថាប័ន រដ្ឋដូចជា សៅភៅស្នាក់ អត្តសញ្ញាណប័ណ្ណ និងឯកសារនានាទៀត ។ ប្រការនេះដោយ សារតែមិនយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ច​អង្គភាពពាក់ព័ន្ធទៅលើវិស័យអក្សរសាស្ត្រជាតិទើបបណ្តែតបណ្តោយឲ្យមានកំហុសចេះតែបន្តពីជំនាន់មួយទៅជំនាន់ មួយ ហើយក្លាយជាការយល់ច្រឡំ ។

នេះគ្រាន់តែសារមួយដែលនាងខ្ញុំស្នើដល់ក្រសួងពាណិជ្ជកម្ម ដែលបានចេញ អាជ្ញាបណ្ណឲ្យក្រុមហ៊ុនAIA ធ្វើអាជីវកម្មក្នុងស្រុក ហើយក្រសួងអប់រំ យុវជន និង កីឡាក៏គួរមានភារកិច្ចតាមដានមើលករណីនេះផងដែរដោយមិនបណ្តែតបណ្តោយឲ្យ ក្រុមហ៊ុនធ្វើខុសច្បាប់ព្រះរាជាណាចក្រកម្ពុជានោះទេ។ គួរតែឲ្យក្រុមហ៊ុនឯកជនទាំង អស់គោរពច្បាប់ អរិយធម៌ និងសិទ្ធិប្រជាពលរដ្ឋយើងក្នុងន័យលើកតម្កើងផង៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖