ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនប្រេងលំដាប់ពិភពលោករបស់បារាំងតូតាល់ មានរយៈពេល២ខែចរចាជាមួយអាមេរិក បើចង់បន្តរកសុីជាមួយអីុរ៉ង់

ចែករំលែក៖

ការសម្រេចដកអាមេរិកចេញពីកិច្ច ព្រមព្រៀងបរមាណូ របស់ប្រធានាធបិតី លោកដូណាល់ ត្រាំ នឹងការគំរាមដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើអីុរ៉ង់ជាបន្តទៀត បានធ្វើឲ្យក្រុមហ៊ុនបរទេសដែលបានចូលទៅ បណ្ដាក់ទុនរកសុីនៅអុីរ៉ង់ ប្រឈមនឹង ផលវិបត្តិយ៉ាងខ្លាំង ក៏ដូចជាការខាតបង់ ជាច្រើន ផងដែរ។ កន្លងមកក្រុមហ៊ុនប្រេងតូតាល់របស់បារាំង បានប្រកាសផ្អាក គម្រោងរុករកប្រេងមានតម្លៃជាង២ពាន់ លានដុល្លារនៅអីុរ៉ង់។

ដើម្បីបន្តសកម្មភាពដាក់ទុនរកសុីនៅអីុរ៉ង់ រដ្ឋាភិបាលអុីរ៉ង់ បានដាក់ឱសានវាទ រយៈពេល៦០ថ្ងៃ ឲ្យក្រុមហ៊ុនTotal របស់ បារាំង ចរចាជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។ បើពុំនោះទេក្រុមហ៊ុនTotalនេះ មិនអាចបន្តចូលរួម ក្នុងគម្រោងផលិត និង នាំចេញឧស្ម័នធម្មជាតិ នៅអុីរ៉ង់បានទៀត ឡើយ។

ចាប់ពីពេលនេះទៅ Total មានពេល ២ខែ ដើម្បីចរចាជាមួយនឹងរដ្ឋាភិបាល អាមេរិក។ រដ្ឋាភិបាលបារាំង ក៏អាចចូលរួមជួបចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ខ្លួន អាចបន្ត រកស៊ី នៅអុីរ៉ង់តទៅទៀត។ នេះជាសម្ដី របស់លោករដ្ឋមន្ត្រីក្រសួងថាមពល របស់ អុីរ៉ង់ ដែលទីភ្នាក់ងារសារព័ត៌មាន Shana បានស្រង់មកចុះផ្សាយ។

សូមបញ្ជាក់ថា ក្នុងកិច្ចសន្យាចុះកាលពី ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនTotal របស់ បារាំង បានចូលរួមសហការភាគហ៊ុនចំនួន ៥០,១ភាគរយ ដែលគិតជាទឹកប្រាក់ស្មើ នឹង ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផលិតនិងបង្ហូរឧស្ម័ន ធម្មជាតិ នៅភាគខាងត្បូងអុីរ៉ង់។ ចំណែក ក្រុមហ៊ុនចិន CNPC មានភាគហ៊ុនចំនួន ៣១ភាគរយ និងនៅសល់១៩,៩ភាគរយ ទៀត គឺជាភាគហ៊ុនរបស់ក្រុមហ៊ុន Petroparc របស់អុីរ៉ង់។

ក៏ប៉ុន្តែ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដែលមានន័យថា សហ រដ្ឋអាមេរិក នឹងបន្តដាក់ទណ្ឌកម្ម មកលើ អុីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ ត្រាំ បានទាំងប្រកាសថាទណ្ឌកម្មរបស់ អាមេរិក នឹងត្រូវអនុវត្តទៅលើក្រុមហ៊ុនអន្តរជាតិទាំងអស់ ដែលមានជំនួញរកស៊ីជា មួយអុីរ៉ង់។ លោកដូណាល់ ត្រាំបានដាក់ ឱសានវាទ រហូតដល់ថ្ងៃទី៤ខែ វិច្ឆិកា ឲ្យក្រុមហ៊ុនទាំងអស់ ឈប់រកស៊ីជាមួយ អុីរ៉ង់។ ក្រោយពេលប្រកាសនេះ ក្រុមហ៊ុន Total ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ខ្លួនអាច នឹងដកខ្លួនចេញពីអុីរ៉ង់ ដើម្បីកុំឲ្យជាប់ពិន័យរបស់អាមេរិក ហើយភាគហ៊ុនរបស់ខ្លួន នៅអុីរ៉ង់ នឹងត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនចិនវិញ។

តែយ៉ាងណា ខាងភាគីអុីរ៉ង់ មិនបាន ពន្យល់ណាមួយ ថាហេតុអ្វីបាន Total នៅ សល់រយៈពេលត្រឹមតែ៦០ថ្ងៃ ដើម្បីចរចា សុំការលើកលែងពីអាមេរិក ខណៈដែល ឱសានវាទរបស់អាមេរិក ផុតនៅដើមខែ វិច្ឆិកាឯណោះ។ ទោះជាយ៉ាងនេះក្តី បើ ពិនិត្យមើលលើលទ្ធភាពជាក់ស្តែង គេពិបាក នឹងសង្ឃឹមណាស់ ថារដ្ឋាភិបាលអាមេរិក ព្រមធ្វើសម្បទាន សុខចិត្តលើកលែងឲ្យ ក្រុមហ៊ុនTotal បើទោះបីជាមានការជ្រោម ជ្រែង ពីរដ្ឋាភិបាលបារាំង ឬសហភាព អឺរ៉ុបក៏ដោយ។

គួររំលឹកថា កិច្ចសន្យាផលិតថាមពល ឧស្ម័នធម្មជាតិនេះ ជានិមិត្តរូបសំខាន់បំផុតសម្រាប់អុីរ៉ង់ ក្នុងការបើកទ្វារសេដ្ឋកិច្ច បន្ទាប់ពីខ្លួនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចផ្សេងទៀត។ ក្រៅពីធនធានប្រេងកាតដ៏មហាសាល អុីរ៉ង់មានធនធានឧស្ម័នធម្មជាតិធំបំផុត លំដាប់ ទី២បន្ទាប់ពីរុស្ស៊ី៕ ម៉ែវ សាធី


ចែករំលែក៖