ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះកំបុតត្បូងនៅអាមេរិកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់រងរបួស

ចែករំលែក៖

ប្រភពស៊ីអិនអិនបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែមេសាថា ខ្យល់ព្យុះកម្លាំងខ្លាំងមួយបង្កឲ្យមានទឹកជំនន់ និងខ្យល់ព្យុះកំបុតត្បូងបក់បោកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់ទៀតរងរបួស ភាគច្រើននៅតំបន់ Missouri, Arkansas និង Texas ។

មន្ត្រីក្នុងតំបន់ថ្លែងថា ខ្យល់កំបុតត្បូងបក់បោកនៅភាគខាងកើត Texas បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ។ សាកសពស្ត្រីអាយុ៧២ឆ្នាំម្នាក់​ត្រូវបានរកឃើញផងដែរនៅភាគនិរតី Missouri ក្រោយទឹកជំនន់ហូរកួចទាំងរថយន្តរបស់គាត់ ។ ប៉ូលិសក៏បាននិយាយថ្លែងថា សាកសពស្ត្រីម្នាក់ទៀតបានស្លាប់ក្រោយដើមឈើបាក់សង្កត់នៅ De Witt រដ្ឋ Arkansas ។

មន្ត្រីបាននិយាយថា មនុស្សជាង៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលខ្យល់កំបុតត្បូងបក់បោកតំបន់ភាគខាងជើងរដ្ឋ Texas បំផ្លាញផ្ទះសម្បែងពលរដ្ឋ ។ ជាមួយគ្នានេះដែរ មនុស្សខ្ទង់លាននាក់ទៀតកំពុងប្រឈមនឹងការប៉ះពាល់ដោយខ្យល់ព្យុះ ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Southwest និង Midwest របស់អាមេរិកនោះ ។

មនុស្សរាប់រយនាក់ត្រូវបានភៀសខ្លួនដោយសារលំនៅឋានរបស់ពួកគេត្រូវបំផ្លាញដោយខ្យល់កំបុតត្បូង និងដោយសារទឹកជំនន់ជនឡើងបន្តបន្ទាប់ ។ ផ្លូវថ្នល់ប្រមាណ១៥០ខ្សែត្រូវបិទជាបណ្តោះអាសន្នមិនអនុញ្ញាតឲ្យចរាចរណ៍នោះទេ ៕ ថាច់ យ៉ាត


ចែករំលែក៖