ព័ត៌មានទាន់ហេតុការណ៍៖

ចិនបិទក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូង៤កន្លែង

ចែករំលែក៖

ក្រុមហ៊ុន Lotte របស់កូរ៉េខាត្បូងនៅថ្ងៃទី៦ ខែមីនា បានប្រកាសថា ក្រុមហ៊ុនលក់រាយ៤កន្លែងរ បស់កូរ៉េខាងត្បូង នៅក្នុងប្រទេសចិនត្រូវបានបិទទ្វារ ។

សកម្មភាពខាងលើ កើតឡើងក្រោយពេលដែលក្រុមហ៊ុន Lotte សម្រេចលក់ដីឲ្យទៅរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការដាក់ប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។

អ្នកនាំពាក្យក្រុមហ៊ុន Lotte បានឲ្យដឹងថា ៤សាខាលក់រាយរបស់ក្រុមហ៊ុន ត្រូវបានរដ្ឋាភិបាលចិនសម្រេចឲ្យបិទទ្វារដើម្បីប្រឆាំងនឹងសកម្មភាពឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីល ។សាខា ក្រុមហ៊ុន Lotte មានរហូតដល់១១៥ នៅក្នុងប្រទេសចិន ដែលជាទីទីផ្សារធំបំផុត របស់ក្រុមហ៊ុនលំដាប់ទី៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលរកប្រាក់ចំណូលបានយ៉ាងតិច ២,៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ហេតុការណ៍ខាងលើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមសេដ្ឋកិច្ចកើតឡើងរវាងប្រទេសទាំងពីរ ។ ពលរដ្ឋនៅទីក្រុងសេអ៊ូលបាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងសកម្មភាពបិទក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។

មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលចិនបានសម្រេច ឲ្យក្រុមហ៊ុនទេសចរណ៍ទាំងអស់ បញ្ចប់ ដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខ។ ភ្លាមៗនោះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុនទេសចរណ៍របស់កូរ៉េខាងត្បូង ថយចុះ ខ្លាំងនៅថ្ងៃទី៦ ខែមីនា ។

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Joo Hyung Hwan បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់ចិនទៅលើក្រុមហ៊ុនឯកជនរបស់កូរ៉េខាងត្បូង។ លោកបន្តទៀតថា យើងនឹងប្រឆាំងរាល់សកម្មភាព ដែលបំពាននឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ WTO និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង និងចិន ។

នៅពេលនេះដែរ ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០១៧ បានចាប់ផ្ដើមដំណើរ ការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកហើយ ដែលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលដ៏ទំនើបរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលកំពុងមានភាពតានតឹងជាមួយនឹងប្រទេសចិនផងដែរ ដោយក្រុងប៉េកាំង ក៏បានរឹតត្បិត សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។

កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា “យើងសង្ឃឹម ថានឹងមិនមាន ការផ្លាស់ប្ដូរទៅលើគម្រោងដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលអាមេរិក THAAD លើតំបន់ ការពារនៅក្នុងប្រទេសក្នុងឆ្នាំ២០១៧នេះទេ” ហើយកាលពីថ្ងៃម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយផងដែរថា ខ្លួននឹងបញ្ចប់ការទិញយកដីរួចចាប់ផ្ដើម គម្រោងដាក់ពង្រាយតែម្ដង។

ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា គម្រោងបានត្រៀមរួចរាល់ហើយ ដើម្បីចាប់ផ្តើមការវាយតំលៃផលប៉ះពាល់បរិស្ថានចំពោះប្រព័ន្ធខែលការពារមីស៊ីល ជាមួយប្រព័ន្ធ រ៉ាដាមានឥទ្ធិពលខ្លាំងដែលមានទីតាំងស្ថិតនៅចម្ងាយ ២៩៦គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល ៕ ម៉ែវ សាធី

 

 


ចែករំលែក៖