ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្តទិសដៅបញ្ជ្រាសគ្នាបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយជិះម៉ូតូជែងរថយន្តមួយ ហើយបានទៅបុករថយន្តមួយទៀត ដែលមានទិសដៅបញ្ជ្រាសគ្នានៅវេលាម៉ោង០៤និង៣៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨២-១៨៣ ស្ថិតនៅក្នុងភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យកាសែតនគរវត្តដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយ ម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះណន វាន់ដេត ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ បណ្ដាលឲ្យរថយន្តធុនធំមានទិសដៅបញ្រ្ចាសគ្នាបុកតែម្ដង។

រថយន្តបង្កពណ៌ខៀវ ពាក់ស្លាកលេខ ក1916ភព3 សណ្តោងរឺម៉ក បើកបរដោយឈ្មោះ ឃុត សុខា ភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ប្រភពដដែលបន្តទៀតថាគ្រោះ ថ្នាក់ចរាចរនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះណន វាន់ដេត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់នៅនឹងកន្លែងកើតហេតុ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់។ រីឯវត្ថុតាងរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖