ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រគំតន្ត្រីស្រាបៀរហ្គែនប៊ឺកឆក់យកជីវិតក្មេងស្រីម្នាក់ខណៈកំពុងជិះកន្ត្រកវិលកំសាន្ត ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈនាងកំពុងជិះកន្ត្រកវិលកំសាន្តលេង នៅក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរហ្គែនប៊ឺក ហើយត្រូវឆ្លងចរន្តអគ្គីសនីឆក់ កាលពីម៉ោង២០និង៣០នាទី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសប្រាប់ថា សពក្មេងស្រីរងគ្រោះខាងលើឈ្មោះ ចាន់ សុខទេពី អាយុ១៣ឆ្នាំ (ជាសិស្ស)មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បងស្រីជនរងគ្រោះឈ្មោះ ចាន់ ចំរើន អាយុ១៥ឆ្នាំ បាននិយាយថា នាង និងប្អូនស្រីបាននាំគ្នាជិះម៉ូតូចេញពីផ្ទះមកកន្លែងកើតហេតុនេះដើម្បីមកមើលគេប្រគំតន្ត្រីស្រាបៀរហ្គែនប៊ឺក ពេលមកដល់ ក៏នាំគ្នាដើរកំសាន្តលេងនៅទីនោះរៀងៗខ្លួន ដោយប្អូនស្រីរបស់នាងឡើងជិះកន្ត្រកវិល មួយស្របក់ក្រោយមក មានគេមកប្រាប់ថា ប្អូនស្រីនាងបានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រងធ្នង់ បានឲ្យកាសែតនគរវត្តដឹងថា សាកសពក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយសារកាឆ្លងចរន្តអគ្គីសនី ដែលនាងជិះក្នុងកន្ត្រកវិល របស់អ្នកអាជីវកម្មឯកជនម្នាក់មកបើកដំណើររកស៊ីនៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាប៊ៀរហ្គែនប៊ឺក។

លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានបញ្ចាក់ទៀតថា ក្រោយពេលកើតហេតុមានមនុស្សស្លាប់ដូច្នេះ ខាងការិយាល័យ កោសល្យវិច្ច័យ របស់ស្នងការ រាធានី (ជំនាញត្រួតពិនិត្យសាកសព )បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយវាយតម្លៃថា សាកសពពិតជាស្លាប់ដោយសារចរន្តអគ្គីសនីឆក់ដោយមានស្នាមខ្លោចនៅម្រាមដៃ និងមុខ ។

លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ប្រាប់កាសែតនគរវត្តថា ករណីនេះមិនបានឃាត់ខ្លួនម្ចាស់កន្ត្រកវិលនោះទេ ដោយសារតែគេរត់គេចខ្លួននៅពេលកើតហេតុនោះ ។ តែទោះយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកជនបង្កឲ្យមនុស្សស្លាប់នេះ យកមកផ្តន្ទាទោសតាមច្បាប់៕ តុង សីហា

 


ចែករំលែក៖