ព័ត៌មានទាន់ហេតុការណ៍៖

ថៃស្នើឲ្យអង់គ្លេសបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រីយីងឡាក់ត្រឡប់មកស្រុកវិញ

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចារ្យ បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានស្នើឲ្យអង់គ្លេស បញ្ជូន ខ្លួនអតីតនាយករដ្ឋមន្ត្រីប្រទេសនេះ វិលត្រឡប់មកប្រទេសថៃវិញ ក្រោយពេលលោកស្រីបានគេចខ្លួនចេញពីការកាត់ទោសទៅរស់នៅក្រៅប្រទេស។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី លោកប្រាយុទ្ធចានអូចារ្យ ប្រកាសថា សំណើខាងលើ របស់រដ្ឋាភិបាលគឺ សមស្របទៅនឹងកិច្ចព្រមព្រៀងបញ្ជូនអ្នកទោស ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩១១ ។

នៅក្នុងសំណើបានសរសេរថា «អគ្គរាជទូត, តាមការបញ្ជាពីរដ្ឋាភីបាល នៃរាជាណាចក្រថៃ និងតាមកិច្ចព្រមព្រៀង ពីការនាំខ្លួនរបស់ប្រទេសទាំងពីរ , សូមអង់គ្លេស បញ្ជូនលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ពលរដ្ឋថៃ ដែលកំពុងលាក់ខ្លួននៅអង់គ្លេស មកថៃវិញ» ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក BusadeeSantipitaks បដិសេធ ឆ្លើយសំនួរសួរថា តើថៃមានសំណើអ្វីផ្សេងទៀត ក្រៅពីបញ្ជូនខ្លួនលោកស្រីយីងឡាក់ដែរឬទេ ។

កាលពីថ្ងៃទី២៨ ខែកក្កដា លោកស្រីយីងឡាក់ បានបង្ហាញខ្លួន ជាថ្មីតាមឃ្លីបវីដីអូមួយនៅលើបណ្តាញ Instagram ដោយបញ្ជាក់ថា លោកស្រីកំពុងរស់នៅតំបន់ Convent Garden ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

អតីតរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា ត្រូវរងការធ្វើរដ្ឋប្រហារ នៅឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់ មេទ័ព ប្រាយុទ្ធចាន់អូចារ្យ ។ ក្រោយមកលោកស្រីយីងឡាក់ ត្រូវបានកាត់ទោស ពីបទខ្វះ ទំនួលខុសត្រូវ ចំពោះកម្មវិធីជំនួយតម្លៃទិញស្រូវ ធ្វើឲ្យរដ្ឋខាងបង់ជាច្រើន ។

លោកស្រីត្រូវបានតុលាការកំពូលថៃកាត់ទោសជាប់ពន្ធនាគារ ៥ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ ប៉ុន្តែនៅមុនពេលតុលាការប្រកាសសាលក្រម លោកស្រីបានភៀសខ្លួនចេញទៅក្រៅប្រទេស។

នៅក្នុងការភៀសខ្លួនទៅក្រៅប្រទេស លោកស្រីទទួលបានការអនុញ្ញាត ឲ្យរស់នៅភៀសខ្លួនក្នុងប្រទេសអង់គ្លេស រយៈពេល១០ឆ្នាំ ។ ក្រោយទទួលបានសិទ្ធិ លោកស្រីតែងតែបង្ហាញខ្លួនជាសាធារណៈញឹកញាប់ ៕ ម៉ែវ សាធី


ចែករំលែក៖