ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងNet-855កំពុងនាំមុខគេនៅរាជធានីភ្នំពេញក្នុងល្បែងភ្នាល់គ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ៖ ល្បែងភ្នាល់បែបទំនើបលេងតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកនៅតាមបណ្តា Internet24H ធ្វើឲ្យមនុស្សញៀនភាគច្រើនក្នុងវ័យក្រោម៤០ឆ្នាំ ។ ល្បែងប្រភេទទំនើបលេងភ្នាល់តាមប្រព័ន្ធ Online ធ្វើឲ្យអ្នកភ្នាល់ចាញ់ឈ្នះដោយមិនដឹងខ្លួនដូចជា៖ Live ផ្ទាល់បាល់ទាត់ ប្រជល់មាន់ និងបៀរពីកាស៊ីណូជាដើម។ ដោយសារការភ្នាល់ល្បែងស៊ីសងបែបទំនើបនេះ ទើបក្រសួងមហាផ្ទៃសម្រេចបង្កើតនាយកដ្ឋានថ្មីមួយ គឺនាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា និងនាយកដ្ឋានល្បែងស៊ីសង ។

យ៉ាងនេះក្តីមហាជនបានមើលឃើញថា Internet24H-855 ភាគច្រើនគេបើកដើម្បីតែការល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ ហើយទីតាំងមួយនេះកំពុងពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ នៅ ពេលយប់គេតែងសង្កេតឃើញថាមានមនុស្សភាគច្រើនចូលលេងទីតាំងនេះវ័យជំទង់ៗ អាជ្ញាធរដែនដី ហាក់បីដូចមិនបានចាំអារម្មណ៍ឡើយ។ ដោយឡែកមន្ត្រីមូលដ្ឋានខ្លះ ក៏បានលើកឡើងថា ទីតាំង Net-855 មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរទេសចរណ៍រាជធានី។ ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋបានលើកឡើងដែរថា ទីតាំង Net-24H ប្រៀបបានជាទីតាំងប្រើប្រាស់គ្រឿងញៀន និងក្រុមឆក់ឱកាសរងចាំធ្វើសកម្មភាពល្មើសផ្សេងៗនៅក្នុងរាជធានី ព្រោះថាទីតាំង Internet កាលពី១០ឆ្នាំមុនមនុស្សភាគច្រើនគេចូលទៅទូរស័ព្ទក្រៅប្រទេសជួបសន្ទនាជាមួយបងប្អូនសាច់ញាតិ ។ តែបច្ចុប្បន្នភាពជាសម័យ ទំនើប ហើយម្នាក់ៗគេមានទូរស័ព្ទដៃទំនើបផងដែរគ្រប់ប្រព័ន្ធគេតេទៅក្រៅប្រទេសបានយ៉ាងងាយ ។

ក្រសួងមហាផ្ទៃក៏ធ្លាប់បានក្រើនរំលឹកម្តងហើយម្តងទៀតដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើយ៉ាងណា ត្រូវ អនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាព ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវលប់បំបាត់រាល់ល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ ជាពិសេសទីតាំងក្លឹបកំសាន្តណាដែលមានប្រើប្រាស់សារធាតុញៀនត្រូវបិទទ្វារឲ្យអស់នៅក្នុងឆ្នាំ២០១៩នេះ ។ ចំពោះល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទត្រូវតែបង្ក្រាប និងរកមុខអ្នក នៅពីក្រោយខ្នងនាំយកមកផ្តន្ទាទោសតាមច្បាប់៕ តាឡឹម


ចែករំលែក៖