ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទច្រឡំលេខ! នារីម្នាក់ចាញ់បោកប្រុសព្រានអស់ខ្លួនប្រាណ និងទ្រព្យសម្បត្តិ សល់តែគូថខោ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានចាញ់បោកប្រុសព្រានតាមរយៈទូរស័ព្ទច្រឡំលេខ បានរយៈពេលជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហានឹងគ្នារហូតឲ្យប្រុសព្រាននោះ ស្គាល់បន្ទប់ជួល ដែលខ្លួនស្នាក់នៅ ថែមទាំងសុខចិត្តប្រគាល់ខ្លួនប្រាណឲ្យទៅបុរស ដែលខ្លួនស្រឡាញ់ដោយមិនស្តាយក្រោយ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូរបស់នាងទៅបាត់ ដោយបន្សល់ទុកឲ្យនាងនូវរូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ។

ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០១៧ ដោយមិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញ ទើបស្ត្រីរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ដែលមានទីតាំងនៅចំណុចបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ប.ស.ម. អាយុ៣៥ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង។ ចំណែកប្រុសព្រានដែលជាជនឆបោកនោះ គ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំ ហើយមិនមានមុខរបរពិតប្រាកដនោះទេ គ្រាន់តែប្រាប់នាងថា សព្វថ្ងៃគេរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ នាងនិងជនសង្ស័យបានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខជាមួយនិងបុរសខាងលើអស់រយៈពេលជាង១ខែមកហើយៗបុរសនេះចេះតែខលមកទាក់ទងលួងលោមសាសងសេ្នហាដោយសុំស្រឡាញ់នាង និងសុំមកលេងបន្ទប់ជួលរបស់នាងស្នាក់នៅ។ ដោយសារតែពាក្យលួងលោមផ្អែមល្ហែម ធ្វើឲ្យនាងទន់ចិត្តអាណិតស្រឡាញ់បុរសនោះ ក៏យល់ព្រមឲ្យមកស្គាល់បន្ទប់ជួល និងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យ ស្រាប់តែប្រុសព្រាននោះបែរជាបោកយកម៉ូតូរបស់នាង១គ្រឿង ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៨ ឡើងតែម២០១៥ ពាក់ស្លាកលេខ ព្រៃវែង1A-0862 យកទៅបាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១២និង៣០នាទី គឺនៅពេលដែលនាងបានអោយបុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។ ជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញ រហូតដល់ល្ងាច នាងបានខលហៅមកដឹកនាងវិញ ស្រាប់តែទូរស័ព្ទ២ប្រព័ន្ធខលមិនចូល ពេលនាងមកដល់បន្ទប់ជួល ក៏មិនឃើញ ថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើង ទើបដឹងថាចាញ់បោកបុរសជាជនសង្ស័យ។

នាងប្រាប់បន្តថា មួយល្ងាចដល់យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានព្យាយាមទំនាក់ទំនងទៅបុរសខាងលើដែរ តែមិនអាចទំនាក់ទំនងបានសោះ ព្រោះគេបិទទូរស័ព្ទរហូតដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោយមានកាន់រូបថតរបស់ជនសង្ស័យ១សន្លឹកមកជាមួយផង។

សម្ភារដែលជននោះលួចទៅនោះមានម៉ូតូមួយគ្រឿង មានទាំងកាតគ្រឺ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ កាតធ្វើការរបស់នាង និងប័ណ្ណពិនិត្យសុខភាព (ប.ស.ស) និងលុយ១០០ដុល្លារ និងទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត ៕ តុង សីហា


ចែករំលែក៖