ខេត្តកំពង់ធំ៖ ឃាតក២នាក់ប្តីប្រពន្ធ រួមគំនិតគ្នាយកកាំបិតចុងស្រួច មកចាក់ចំដើមទ្រូង និងយកដំបងមកសំពងក្បាលស្រ្តីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំរាំង ស្ថិតនៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្រ្តីរងគ្រោះឈ្មោះអ៊ុក អាត អាយុ៥២ឆ្នាំ ទីលំភូមិ ឃុំ កើតហេតុខាងលើ។ ចំណែកជនដៃដល់ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះជុំ សឿង អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះសុំ កន អាយុ៥៦ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយស្រ្តីរងគ្រោះ។
លោកហាក់ សារ៉ាត់ នាយប៉ុស្តិ៍ឃុំបឹងល្វា បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ជុំវិញការដែលឈានដល់កាប់សម្លាប់នេះ មុនដំបូង ជនដៃដល់២នាក់ប្តីប្រពន្ធ ស្រ្តីរងគ្រោះក៏២នាក់ប្តីប្រពន្ធដូចគ្នា ហើយផ្ទះរបងជាប់គ្នាដែរបានប្រកែកដោយពាក្យសម្តីឈ្លោះប្រកែកគ្នាបណ្ដើរ ផឹកស្រាបណ្ដើរ លុះតឹងសរសៃក ទាញ់កាំបិត និងដំបងបញ្ចេញសាច់ដុំដាក់គ្នា តែសង្រ្គាមនេះ មិនទាន់ឡើងកំដៅភ្លាមៗនោះទេ។ ពេលស្ងប់ប្រកែកគ្នាបន្តិច ប្តីស្រ្តីរងគ្រោះបានចេញពីកន្លែងកើតហេតុ ដោយឃើញឱកាសល្អ ជនដៃដល់២នាក់ប្តីប្រពន្ធប្តីយកកាំបិតចុងស្រួចទៅចាក់ស្រ្តីរងគ្រោះចំដើមទ្រូង រីឯជនដៃដល់ជាប្រពន្ធយកដំបងមកសំពងក្បាលបណ្តាលឱ្យស្រ្តីរងស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
លោកពេជ ថាលអធិការស្រុកសន្ទុកបានឲ្យដឹងថា ជនដៃដល់ជាប្តី និងប្រពន្ធត្រូវសមត្ថកិច្ចចាប់បានកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីផ្តន្ទាទោសនៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៧ ។ ចំណែកសាកសពស្រ្តីរងគ្រោះត្រូវបានសាចញាតិបងប្អូនយកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី