ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនអ្នកយកព័ត៌មានសម្រិតព្រះខែម្នាក់ និងបក្ខពួកពាក់ព័ន្ធករណីប៉ុនប៉ងលួច

ចែករំលែក៖

 

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចេញល្បាតនៅពេលយប់ឈានដល់បង្រ្កាបចាប់​ខ្លួនបុរសម្នាក់ ជាអ្នកយកព័ត៌មានឲ្យអង្គភាព “សម្រិតព្រះខែ” និងបក្ខពួកម្នាក់ទៀត កាលពី​វេលា​​ម៉ោង២ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំ​បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធ​ករណីប៉ុន​ប៉ងលួច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ទូច ធារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ បុគ្គលិកកាសែត “សម្រិតព្រះខែ” មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះឈឿន ឌឿ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេលមួយឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ សោអក្សរតេសម្រាប់កាច់.កម៉ូតូចំនួន០១ , ដង្កាប់ចំនួន០២ , កូនសោលេខ១០ចំនួន០១ , ទួណឺវីសចំនួន០១ , រណាអារដែកចំនួន០១ , អាយកូមចំនួន០១ ,ទូរសព្ទ័ដៃម៉ាកTrueចំនួន០២គ្រឿង , ប័ណ្ណសារព័ត៌មាន សម្រិតព្រះខែចំនួន០២សន្លឹក , កាបូបស្ពាយ ពណ៌ខ្មៅចំនួន០១ និងម៉ូតូកញ្ចាស់មួយគ្រឿងផងដែរ ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកអង្គ​ស្នួលបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈកំពុងល្បាតដល់ចំណុចភូមិសាស្ត្រ​ឃុំបែកចានក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ។ ដោយមានការសង្ស័យ​សមត្ថកិច្ចបានហៅឲ្យឈប់ តែក្រុមជនសង្ស័យមិនព្រមឈប់នោះទេ ពោលគឺបានបន្ថែម​ល្បឿនម៉ូតូព្យាយាមរត់កេចខ្លួន តែរត់មិនរួចត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានរួម​ជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖