ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកដ៏ទំនើបរបស់ឥណ្ឌាបម្រុងចូលដែនសមុទ្រប៉ាគីស្ថាន ត្រូវបណ្តេញចេញ

ចែករំលែក៖

រយៈពេលជាងមួយសប្តាហ៍កន្លងមក ស្ថានភាពនៅព្រំដែនឥណ្ឌា និងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា យ៉ាងខ្លាំង ដោយកម្លាំងទាហានប្រទេសទាំងពីរបានប៉ះទង្គិចគ្នាជាច្រើនលើក រហូតដល់ បាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌា​២គ្រឿង ប៉ាគីស្ថាន​២គ្រឿង ក្នុងនោះមានយន្តហោះយកការណ៍មួយគ្រឿងផងដែរ​។

ទាំងប៉ាគីស្ថាននិងឥណ្ឌា បាន បញ្ជូនកម្លាំងទាហាន ជាច្រើន រួមទាំងសព្វាវុធទំនើប​ៗ ទៅកាន់ព្រំដែន ។ នៅពេលនេះដែរ នាវាមុជទឹកឥណ្ឌាមួយគ្រឿងមានបំណង​ចូលទៅកាន់ដែនសមុទ្រប៉ាគីស្ថាន ក៏ត្រូវទាហានជើងទឹកប៉ាគីស្ថាន មករារាំង​។

កម្លាំងទាហានជើងទឹកប៉ាគីស្ថាន កាលពីថ្ងៃទី​៥ ខែមីនា បានប្រកាសថា បានរារាំងនាវាមុជទឹកឥណ្ឌាមួយគ្រឿង ដែលបានព្យាយាម ចូលមកដែនសមុទ្ររបស់ប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងនៅព្រំដែនកាស្មៀ​រ។

កម្លាំងទាហានជើងទឹកប៉ាគីស្ថានបានផ្សព្វផ្សាយរូបភាពស្តីពីនាវាមុជទឹកឥណ្ឌា ដែលត្រូវទាហានប៉ាគីស្ថាន រារាំង នៅវេលាម៉ោង​២០និង៣៥នាទី​ ។ កម្លាំងទាហានប៉ាគីស្ថានបានប្រើប្រាស់ បច្ចេកទេស ក្នុងការរារាំងបញ្ចៀសការប៉ះទង្គិចគ្នា ។

កាលពីឆ្នាំ​២០១៦ កម្លាំងទាហានប៉ាគីស្ថានក៏បានទប់ស្កាត់នាវាមុជទឹកឥណ្ឌា១គ្រឿងចូលទៅក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ​។ នៅពេលនេះឥណ្ឌាមិនទាន់មានការវិភាគអ្វីជុំវិញ ហេតុការណ៍ខាងលើនៅឡើយទេ​ ។

ឥណ្ឌានិងប៉ាគីស្ថាន បានប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនកាស្មៀរ​ រហូតដល់ប៉ះទង្គិចគ្នាដោយអាវុធ ក្រោយពេល ឥណ្ឌាបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងក្រុមភេរវកម្ម នៅក្នុងទឹកដីប៉ាគីស្ថាន ក្រោយពេលក្រុមភេរវកម្ម វាយប្រហារសម្លាប់ទាហានឥណ្ឌា​៤០នាក់​ ៕ ធីរីណា


ចែករំលែក៖