ព័ត៌មានទាន់ហេតុការណ៍៖

បន្លំចូលក្នុងរថយន្តលួចកាបូប ម្ចាស់ឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ

ចែករំលែក៖

ភ្នំពេញ៖ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត ប៉ុន្តែយុវជនម្នាក់នេះវិញ បែជារពឹសដៃចូលទៅក្នុងរថយន្តបន្លំលួចយកសម្ភារក្នុងកាបូប តែមិនបានសម្រេច ត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់ឲ្យប៉ូលិសដាក់ខ្នោះល្មម។

ករណីនេះបង្កភ្ញាក់ផ្អើកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅមុខផ្ទះលេខ៦៨ ផ្លូវ១៩៥៨ ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសប្រាប់ថាជនសង្ស័យឈ្មោះ ជិប វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកដើមបណ្តឹងឈ្មោះ ច័ន្ទ ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាគរបាល ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវ១៩៥៨ ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ច័ន្ទ ណារិទ្ធ រៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានថយរថយន្តរបស់គាត់១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M-8425 ចេញពីក្នុងផ្ទះ មកទុកនៅមុខផ្ទះ មិនទាន់ទាំងចុះចេញពីរថយន្តផង ស្រាប់តែជនសង្ស័យមិនដឹងមកពីណា បានបើកទ្វាររថយន្តផ្នែកខាងឆ្វេងចូលអង្គុយ និងលួចយកកាបូបខាងលើភ្លាមៗគាត់បានស្ទុះចេញពីរថយន្ត និងបានឡុកសោហើយចាប់បានជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា


ចែករំលែក៖