ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូដួល ហើយរអិលចូលទៅ គន្លងផ្លូវរថយន្តផ្ទុយទិសគ្នា កិនស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង០៩នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូសម្តេចហ៊ុនសែនក្រវ៉ា ភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា រថយន្តហ៊ីយិនដាយ សណ្តោងស៊ឺមីរ៉ឺម៉ក(ដឹកបង្គោលភ្លើង) ក្បាល ពណ៌ស.លឿង ផ្លាកលេខភ្នំពេញ3E.1774ស៊ឺមីរ៉ឺម៉ក ស្លាកលេខ ព្រះសីហនុ 4 A.3348 បើកបរដោយឈ្មោះ សិទ្ធ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទូលស្នូល ឃុំទូលស្នូល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរបំភ្លឺ ។

ចំណែក ម៉ូតូចិន ពណ៌ខ្មៅ ស្លាកលេខគ្មាន ដឹកប្រេងមួយកានពីមុខ បើកបរដោយឈ្មោះ មួន ពីសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព ។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចើងដើង។ មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូដួល ហើយរអិលចូលទៅ គន្លងផ្លូវរថយន្តដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិសទើបបណ្ដាលឲ្យរថយន្ដកិនស្លាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖