ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរុស្ស៊ីជាង១មុឺននាក់ជម្លៀសចេញដោយសារតែព័ត៌មានក្លែងក្លាយ

ចែករំលែក៖

មន្ត្រីសន្តិសុខរុស្ស៊ីបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមសន្តិសុខបានជម្លៀសពលរដ្ឋប្រមាណ១មុឺននាក់ ចេញពីទីក្រុងមូស្គូ ក្រោយពេលទទួលបានព័ត៌មានក្លែងក្លាយ គំរាមវាយប្រហារគ្រាប់បែកនៅទីតាំងជាច្រើនក្នុងទីក្រុង។

សារព័ត៌មាន AFP បានផ្សាយថា ទីតាំងដែលបានជម្លៀសពលរដ្ឋចេញ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម GUM TsUM សណ្ឋាគារនៅជិតទីលានក្រហម និងទីតាំងសាធារណៈជាច្រើនទៀតនៅទីក្រុងមូស្គូ។

ក្រោយការជម្លៀសពលរដ្ឋចេញ ក្រុមរុករកមីន រកមិនឃើញមានគ្រាប់បែកណាមួយនៅទីនោះឡើយ។ នៅមុនហេតុការណ៍កើតឡើង មានទូរស័ព្ទគំរាមបំផ្ទុះគ្រាប់បែកជាច្រើនកើតឡើង ធ្វើឲ្យទីតាំងមួយចំនួនដូចជាផ្សារទំនើបត្រូវផ្អាកសកម្មភាពលក់ដូរ។ ចំណែកស្ថានីយរថភ្លើង រថយន្តក្រុង ក៏ត្រូវផ្អាកផងដែរ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់។

នៅពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយ ប៉ុន្តែក្រុមសន្តិសុខរុស្ស៊ីបានអះអាងថា ពេលនេះបានកំណត់អត្តសញ្ញាណជនដែលបង្កហេតុគំរាមកំហែងតាមទូរស័ព្ទបង្កឲ្យមានភាពចលាចល គឺជាជនជាតិរុស្ស៊ី នៅក្រៅប្រទេស។

រុស្ស៊ីបានបង្កើនសន្តិសុខការពារក្រោយពេលរងការវាយប្រហារគ្រាប់បែកនៅក្នុងស្ថានីយរថភ្លើងក្រោមដីនៅទីក្រុង Saint Petersburg កាលពីខែមេសា ឆ្នាំ២០១៧ ដែលសម្លាប់មនុស្សអស់ប្រមាណ១៦នាក់។

ដោយសារតែមានការវាយប្រហារភេរវកម្មជាច្រើនកើតឡើងនៅជុំវិពិភពលោកតាមបែប «ចចកឯកា» ដូចនៅអាមេរិកកន្លងមកសម្លាប់មនុស្សរាប់សិបនាក់ បានធ្វើឲ្យរុស្ស៊ីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទោះបីដឹងថា ជាការគំរាមក្លែងក្លាយ ក៏ត្រូវត្រួតពិនត្យឲ្យបានច្បាស់ដែរ ជៀសវាងហេតុការណ៍អាក្រក់កើតឡើងជាយថាហេតុ៕ ម៉ែវ សាធី


ចែករំលែក៖